ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 2 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 2

ជំនូន​ធញ្ញ‌ជាតិ

1 «ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ជូន​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង

2 ហើយ​យក​ជំនូន​នោះ​មក​ជូន​ពួក​អ៊ីមុាំ​ជា​កូន​ហារូន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​អ៊ីមុាំ​ម្នាក់​យក​ជំនូន​នេះ ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

3 រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។

4 ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ដុត​ចំអិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​ដាក់​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។

5 ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ។

6 ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។

7 ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង។

8 អ្នក​ត្រូវ​នាំ​យក​ជំនូន​ជា​ធញ្ញ‌ជាតិ​ដែល​ចំអិន​ហើយ​នោះ មក​ជូនអុលឡោះ‌តាអាឡា គឺ​លើក​ជូន​អ៊ីមុាំ ហើយ​អ៊ីមុាំ​យក​ជំនូន​នោះ​ឆ្ពោះ​ទៅ​អាសនៈ។

9 អ៊ីមុាំ​យក​ជំនូន​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

10 រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។

11 មិន​ត្រូវ​យក​ជំនូន​ម្សៅ​ដែល​មាន​មេ​មក​ជូនអុលឡោះ‌តាអាឡា​ទេ គឺ​ជំនូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ជូនអុលឡោះ‌តាអាឡា មិន​ត្រូវ​ដាក់​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។

12 អ្នក​អាច​ជូន​ជំនូន​ទាំង​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ជូន​នៅ​លើ​អាសនៈ ទុក​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។

13 ត្រូវ​លាយ​អំបិល ជា​មួយ​ជំនូន​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ជូន​អុលឡោះ។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​ជំនូន​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្ត​រូប​ពី​សម្ពន្ធ‌មេត្រី​ដែល​អុលឡោះ​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ជូន​ជា​មួយ​ជំនូន​ទាំង​ប៉ុន្មាន​របស់​អ្នក។

14 ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ ទុក​ជា​ជំនូន​ផល​ដំបូង។

15 ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។

16 អ៊ីមុាំ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក។ នេះ​ជា​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា»។

© 2014 United Bible Societies, UK.

United Bible Societies