លេវីវិន័យ 3 - អាល់គីតាបគូរបានមេត្រីភាព 1 «ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។ 2 គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅត្រង់មាត់ទ្វារនៃជំរំជួបអុលឡោះតាអាឡា។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូនប្រោះឈាមគោនោះ ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3 គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 4 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 5 អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 6 ប្រសិនបើជំនូនដែលគេយកមកជូននោះ ជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា ទុកជាគូរបានមេត្រីភាព។ 7 ប្រសិនបើជំនូនរបស់គេជាកូនចៀម គេត្រូវយកវាមកជូនអុលឡោះតាអាឡា។ 8 គេត្រូវដាក់ដៃលើក្បាលសត្វដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 9 គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នងខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 10 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 11 អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតជូនអុលឡោះតាអាឡា។ 12 ប្រសិនបើជំនូនរបស់គេជាពពែញី គេត្រូវយកវាមកជូន នៅចំពោះអុលឡោះតាអាឡា។ 13 គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 14 ជំនូនមួយចំណែកត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 15 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 16 អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់អុលឡោះតាអាឡា។ 17 នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។ |
© 2014 United Bible Societies, UK.
United Bible Societies