ក្រិត្យវិន័យស្តីអំពីភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ ក្រិត្យវិន័យស្តីអំពីសត្វហាឡាល់ និងសត្វមិនហាឡាល់1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន 3 គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។ 4 ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនហាឡាល់មានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។ 5 ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។ 6 ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។ 7 ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។ 8 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។ 9 ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្តី ទឹកទន្លេក្តី អ្នករាល់គ្នាអាចបរិភោគបាន តែសត្វណាដែលមានព្រុយ និងមានស្រកាប៉ុណ្ណោះ។ 10 រីឯសត្វដែលគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្តី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនហាឡាល់គួរស្អប់ខ្ពើម។ 11 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។ 12 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែ គ្មានស្រកា និងគ្មានព្រុយ។ 13 ក្នុងចំណោមសត្វស្លាបដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក 14 រអាត ត្មាតគ្រប់ប្រភេទ 15 ក្អែកគ្រប់ប្រភេទ 16 អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ 17 ទីទុយ ក្អែកទឹក ក្រៀល 18 គូក ទុង ស្មោញ 19 កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។ 20 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។ 21 ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិតដែលមានស្លាប និងមានជើងអាចលោតលើដី 22 ដូចជាកណ្តូប និងចង្រិតគ្រប់ប្រភេទ។ 23 រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើងនោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។ 24 សត្វទាំងនោះនឹងបណ្តាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 25 អ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 26 សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនហាឡាល់ មានដូចតទៅ: គឺសត្វដែលគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកដែលប៉ះពាល់សត្វនោះ នឹងក្លាយទៅជាមិនបរិសុទ្ធ។ 27 សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនហាឡាល់ ហើយអ្នកដែលប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 28 អ្នកដែលកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 29 ក្នុងចំណោមសត្វដែលលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនហាឡាល់មានដូចតទៅ: ស្កា កណ្តុរ បង្កួយគ្រប់ប្រភេទ 30 តុកកែ ជីងចក់ ថ្លែន ជាស។ 31 អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនហាឡាល់ ហើយអ្នកដែលប៉ះពាល់ខ្មោចវា នឹងក្លាយទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 32 ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែកថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។ 33 ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនហាឡាល់ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ 34 ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសម្រាប់បរិភោគអាហារនោះនឹងក្លាយទៅជាមិនហាឡាល់ ហើយទឹកសម្រាប់ផឹកក៏នឹងក្លាយទៅជាមិនហាឡាល់ដែរ។ 35 ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្តី វត្ថុនោះនឹងទៅជាមិនហាឡាល់ ហើយអ្នករាល់គ្នាត្រូវតែកំទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនហាឡាល់។ 36 ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែហាឡាល់ដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនហាឡាល់។ 37 ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែហាឡាល់ដដែល។ 38 ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនហាឡាល់។ 39 ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ 40 អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 41 កុំបរិភោគសត្វដែលលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។ 42 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វជើងបួន ឬសត្វជើងច្រើនក្តី ព្រោះជាសត្វគួរស្អប់ខ្ពើម។ 43 អ្នករាល់គ្នាមិនត្រូវបណ្តោយឲ្យសៅហ្មង ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវានឹងបណ្តាលឲ្យអ្នកទៅជាមិនបរិសុទ្ធ។ 44 យើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។ 45 យើងជាអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានជាបរិសុទ្ធ ដ្បិតយើងជាម្ចាស់បរិសុទ្ធ។ 46 នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។ 47 ក្រិត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វហាឡាល់ និងសត្វមិនហាឡាល់ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។ |
© 2014 United Bible Societies, UK.
United Bible Societies