ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូស្វេ 4 - អាល់គីតាប អាល់គីតាប
យ៉ូស្វេ 4

ស្តូប​ថ្ម​ទាំង​ដប់​ពីរ

1 ពេល​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖

2 «ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់​ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ រើស​យក​ម្នាក់

3 ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់​ពីរ​ដុំ​ពី​កណ្តាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​អ៊ីមុាំ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។

4 យ៉ូស្វេ​ហៅ​បុរស​ដប់​ពីរ​នាក់ ដែល​គាត់​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​យក​ម្នាក់

5 យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្តាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​ឲ្យ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល

6 ទុក​ជា​សញ្ញា​សំគាល់​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថន័យ​ដូច​ម្តេច?”

7 អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “អុលឡោះ‌តាអាឡា​បាន​កាត់​ផ្តាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ គឺ​នៅ​ពេល​ដែល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ទ្រង់​បាន​កាត់​ផ្តាច់​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំលឹក សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ត​ទៅ”»។

8 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​តាម​សេចក្តី​ដែល​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់​ពីរ​ដុំ​ពី​កណ្តាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។

9 យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់​ពីរ​ដុំ នៅ​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​អ៊ីមុាំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់​ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

10 ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប នាំ​គ្នា​ឈប់​នៅ​ចំ​កណ្តាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា​បាន​ផ្តែផ្តាំ​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។

11 កាល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​អ៊ីមុាំ​សែង​ហិប​នៃអុលឡោះ‌តាអាឡា​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។

12 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ដែល​ម៉ូសា​បង្គាប់

13 មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក​ដើរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។

14 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ពង្រឹង​អំណាច​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​គាត់ ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​ម៉ូសា​ដែរ។

15 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖

16 «ចូរ​បង្គាប់​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សន្ធិសញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។

17 យ៉ូស្វេ​ក៏​បង្គាប់​ទៅ​ក្រុម​អ៊ីមុាំ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។

18 ពេល​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។

19 ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។

20 រីឯ​ថ្ម​ទាំង​ដប់​ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក យ៉ូស្វេ​បាន​បញ្ឈរ​នៅ​គីល‌កាល់។

21 បន្ទាប់​មក គាត់​និយាយ​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែលថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?”។

22 អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ

23 ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង​រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។

24 អុលឡោះ‌តាអាឡា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថាអុលឡោះ‌តាអាឡា​មាន​អំណាច​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

© 2014 United Bible Societies, UK.

United Bible Societies