យ៉ូស្វេ 3 - អាល់គីតាបជនជាតិអ៊ីស្រអែលឆ្លងកាត់ទន្លេយ័រដាន់ 1 យ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ 2 បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ 3 ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវីសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ 4 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។ 5 បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃស្អែកអុលឡោះតាអាឡានឹងសំដែងការអស្ចារ្យនៅកណ្តាលចំណោមអ្នករាល់គ្នា»។ 6 យ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកជាអ៊ីមុាំថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។ 7 អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នកឲ្យជនជាតិអ៊ីស្រអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសាកាលពីមុនដែរ។ 8 រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមអ៊ីមុាំ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្តង”»។ 9 យ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «ចូរមកនេះ ស្តាប់បន្ទូលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាសិន»។ 10 យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសំគាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា អុលឡោះដែលនៅអស់កល្បជានិច្ច ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយទ្រង់ពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន 11 គឺហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះជាអម្ចាស់នៃផែនដីទាំងមូល នឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ 12 ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល គឺក្នុងកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ 13 ពេលណាក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាអម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។ 14 នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បំរុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ 15 ពេលនោះជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង 16 ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិលត្រូវកាត់ផ្តាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ 17 នៅពេលដែលប្រជាជនអ៊ីស្រអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នាំគ្នាឈរលើដីស្ងួត នៅកណ្តាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។ |
© 2014 United Bible Societies, UK.
United Bible Societies