ជ័យជំនះលើស្តេចរបស់ជនជាតិអាម៉ូរី1 ស្តេចអដូនី-សេដេក ជាស្តេចក្រុងយេរូសាឡឹមទទួលដំណឹងថា យ៉ូស្វេដណ្តើមយកបានក្រុងអៃ និងបំផ្លាញវាហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ស្តេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ 2 ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ 3 ស្តេចអដូនី-សេដេក ជាស្តេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅស្តេចហូហាំ ជាស្តេចក្រុងហេប្រូន ស្តេចពារ៉ាម ជាស្តេចក្រុងយ៉ារមូត ស្តេចយ៉ាភា ជាស្តេចក្រុងឡាគីស និងស្តេចដេបៀរជាស្តេចក្រុងអេក្លូនថា៖ 4 «សូមស្តេចមក ហើយជួយខ្ញុំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រអែល»។ 5 ស្តេចរបស់ជនជាតិអាម៉ូរីទាំងប្រាំនាក់ គឺស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។ 6 អ្នកស្រុកគីបៀនចាត់គេឲ្យទៅជម្រាបយ៉ូស្វេនៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្តេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។ 7 យ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។ 8 អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។ 9 យ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសំរុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។ 10 អុលឡោះតាអាឡាធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ 11 ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រអែលទៅទៀត។ 12 នៅថ្ងៃដែលអុលឡោះតាអាឡា ប្រទានឲ្យជនជាតិអ៊ីស្រអែលមានជ័យជំនះលើជនជាតិអាម៉ូរី យ៉ូស្វេសូមអុលឡោះតាអាឡា ហើយនិយាយនៅចំពោះមុខប្រជាជនអ៊ីស្រអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។ 13 ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែប្រជាជាតិអ៊ីស្រអែលវាយឈ្នះ ខ្មាំងសត្រូវរបស់ខ្លួន។ ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។ 14 តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺអុលឡោះតាអាឡាធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតអុលឡោះតាអាឡាបានច្បាំងរួមជាមួយជនជាតិអ៊ីស្រអែល។ 15 បន្ទាប់មក យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។ យ៉ូស្វេចាប់បានស្តេចជនជាតិអាម៉ូរីទាំងប្រាំនាក់16 ស្តេចជនជាតិអាម៉ូរីទាំងប្រាំនាក់ បានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។ 17 មានគេទៅរាយការណ៍ជូនយ៉ូស្វេថា ស្តេចទាំងប្រាំនាក់នោះពួនក្នុងរូងភ្នំនៅម៉ាកេដា។ 18 យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។ 19 រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនបានឡើយ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ»។ 20 យ៉ូស្វេ និងជនជាតិអ៊ីស្រអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួចចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ 21 បន្ទាប់មកកងទ័ពអ៊ីស្រអែលទាំងមូល វិលត្រឡប់មកជំរំដោយសុខសាន្ត ពួកគេជួបនឹងយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមកគ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រអែលទៀតឡើយ។ 22 បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ 23 គេក៏បើកមាត់រូង ហើយនាំស្តេចទាំងប្រាំនាក់ គឺស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ចេញមកជួបលោក។ 24 កាលគេនាំស្តេចទាំងប្រាំនាក់ចេញមកជួបយ៉ូស្វេ ហើយលោកក៏ហៅកងទ័ពអ៊ីស្រអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោកឲ្យចូលមកជិត និងយកជើងជាន់កស្តេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្តេចទាំងនោះ។ 25 យ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតអុលឡោះតាអាឡានឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ 26 យ៉ូស្វេប្រហារជីវិតស្តេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្តេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។ 27 ពេលថ្ងៃលិច យ៉ូស្វេបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្តេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។ យ៉ូស្វេដណ្តើមយកក្រុងនានានៅទិសខាងត្បូង28 នៅថ្ងៃដដែលនោះ យ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្តេច ទាំងប្រជាជន គឺគាត់បានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់គ្មាននរណាម្នាក់រួចជីវិតឡើយ។ គាត់ប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដាដូចគាត់បានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។ 29 យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដា ឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។ 30 អុលឡោះតាអាឡាក៏បានប្រគល់ក្រុងលីបណា និងស្តេចរបស់គេមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលដែរ។ កងទ័ពអ៊ីស្រអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ យ៉ូស្វេប្រព្រឹត្តចំពោះស្តេចក្រុងលីបណា ដូចគាត់បានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។ 31 បន្ទាប់មក យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។ 32 អុលឡោះតាអាឡាបានប្រគល់ក្រុងឡាគីស មកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល កងទ័ពអ៊ីស្រអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។ 33 ពេលនោះស្តេចហោរ៉ាម ជាស្តេចក្រុងកេស៊ើរបានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ យ៉ូស្វេវាយប្រហារទាំងស្តេច ទាំងប្រជាជនរបស់ស្តេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។ 34 បន្ទាប់មកទៀតយ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូលចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។ 35 នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ 36 យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ឡើងពីក្រុងអេក្លូនឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។ 37 គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្តេចព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ យ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។ 38 យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូលងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។ 39 គាត់វាយយកក្រុងនោះ ហើយចាប់បានស្តេច ព្រមទាំងដណ្តើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ យ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណាព្រមទាំងស្តេចរបស់គេដែរ។ 40 យ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្តេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិតស្របតាមបន្ទូលដែលអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានបង្គាប់។ 41 យ៉ូស្វេវាយលុកចាប់តាំងពីកេដេស-បារនា រហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។ 42 យ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល រួមប្រយុទ្ធជាមួយអ៊ីស្រអែល។ 43 បន្ទាប់មក យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។ |
© 2014 United Bible Societies, UK.
United Bible Societies