យ៉ូស្វេ 9 - អាល់គីតាបកលល្បិចរបស់អ្នកស្រុកគីបៀន 1 កាលស្តេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្តេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រអែល 2 ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយយ៉ូស្វេ និងជនជាតិអ៊ីស្រអែល។ 3 អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ 4 ដូច្នេះពួកគេប្រើឧបាយកលបោកប្រាស់គាត់ គឺគេរៀបចំជាប្រតិភូទៅជួបគាត់ ដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។ 5 ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។ 6 ពួកគេនាំគ្នាទៅជួបយ៉ូស្វេនៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។ 7 ជនជាតិអ៊ីស្រអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដូចម្តេចបាន?»។ 8 ប៉ុន្តែ ពួកគេជម្រាបយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អ្នក»។ យ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?។ 9 ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប 10 និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។ 11 ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុក យើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ ឥឡូវនេះផង!” 12 សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្តៅៗទេ តែឥឡូវនេះ វារឹងហើយដុះផ្សិតអស់។ 13 រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់ សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។ 14 ជនជាតិអ៊ីស្រអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានសួរយោបល់ពីអុលឡោះតាអាឡាឡើយ។ 15 យ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រអែល បានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។ 16 បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។ 17 ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។ 18 ជនជាតិអ៊ីស្រអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។ 19 អ្នកដឹកនាំទាំងអស់ បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។ 20 យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ យើងនឹងបណ្តាលឲ្យខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។ 21 អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹកសម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ 22 យ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយនិយាយទៅគេថា៖ «ម្តេចក៏អ្នករាល់គ្នាបោកប្រាស់យើងដោយពោលថា អ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ! 23 ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្តាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹកសម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ»។ 24 ពួកគេឆ្លើយតបមកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បង្គាប់ដល់ម៉ូសាជាអ្នកបម្រើរបស់ទ្រង់ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកអ្នក និងឲ្យពួកអ្នកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកអ្នកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។ 25 ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។ 26 យ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះឯង គឺលោករំដោះពួកគេ ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលពុំបានសម្លាប់ពួកគេទេ។ 27 នៅថ្ងៃនោះ យ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលទ្រង់ជ្រើសរើស។ |
© 2014 United Bible Societies, UK.
United Bible Societies