ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 26 - អាល់គីតាប អាល់គីតាប
យេរេមា 26

ណាពី​យេរេមា​ត្រូវ​គេ​កាត់​ទោស

1 នៅ​ដើម​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម បុត្រ​របស់​ស្តេច​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា​ដូច​ត​ទៅ:

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន​ពី​គ្រប់​ទីក្រុង​ក្នុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ចូរ​ប្រកាស​ប្រាប់​គេ ឥត​ចន្លោះ​ពាក្យ​ណា​មួយ​ឡើយ។

3 ពួក​គេ​ប្រហែល​ជា​ស្ដាប់ ហើយ​ម្នាក់ៗ​កែ​ប្រែ​កិរិយា‌មារយាទ​របស់​ខ្លួន។ ដូច្នេះ យើង​នឹង​មិន​ដាក់​ទោស​គេ​តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត ដូច​យើង​បាន​សម្រេច​នោះ​ទេ។

4 អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា

5 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ណាពី ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា ជា​រៀង​រហូត​មក​ទេ​នោះ

6 យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ​វិនាស ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។

7 ក្រុម​អ៊ីមុាំ ក្រុម​ណាពី និង​ប្រជា‌ជន​ទាំង​មូល ឮ​យេរេមា​ប្រកាស​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

8 កាល​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​គាត់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​អ៊ីមុាំ ក្រុម​ណាពី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​គាត់ ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!

9 ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ថា ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​យេរេមា នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

10 កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។

11 ពេល​នោះ ក្រុម​អ៊ីមុាំ និង​ក្រុម​ណាពី ប្ដឹង​ទៅ​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ជន​នេះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​វា​បាន​និយាយ​ប្រឆាំង​នឹង​ទីក្រុង​នេះ ដូច​អស់​លោក​ឮ​ផ្ទាល់​ត្រចៀក​ស្រាប់​ហើយ»។

12 យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់​ថា៖ «អុលឡោះ‌តាអាឡា​ទេ​តើ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែង​បន្ទូល​ប្រឆាំង​នឹង​ដំណាក់ ព្រម​ទាំង​ទីក្រុង​នេះ ដូច​បង​ប្អូន​បាន​ឮ​សព្វ​គ្រប់​ស្រាប់។

13 ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយា‌មារយាទ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រង‌ត្រាប់​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​បង​ប្អូន នោះ​ទ្រង់​មុខ​ជា​មិន​ដាក់​ទោស​បង​ប្អូន ដូច​ទ្រង់​បាន​សម្រេច​ទេ។

14 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​ស្រាប់​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​អំពើ​ចិត្ត និង​តាម​គំនិត​ដែល​បង​ប្អូន​យល់​ថា​ត្រឹម​ត្រូវ​ចុះ!

15 តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា បើ​បង​ប្អូន​សម្លាប់​ខ្ញុំ បង​ប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិតអុលឡោះ‌តាអាឡា​ពិត​ជា​បាន​ចាត់​ខ្ញុំ ឲ្យ​នាំ​ពាក្យ​ទាំង​នេះ​មក​ជម្រាប​បង​ប្អូន​មែន»។

16 ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល ពោល​ទៅ​ពួក​អ៊ីមុាំ និង​ពួក​ណាពី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង ពិត​មែន»។

17 មាន​អះលី‌ជំអះ​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​អង្គ​ប្រជុំ​របស់​ប្រជា‌ជន​ថា៖

18 «នៅ​រជ្ជកាល​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត បាន​ថ្លែង​បន្ទូល​ប្រាប់​ប្រជា‌ជន​យូដា​ទាំង​អស់​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា គេ​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន​ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក ភ្នំ​ដែល​មាន​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។

19 នៅ​សម័យ​នោះ តើ​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​មូល បាន​សម្លាប់​ណាពី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ទូរអា‌អង្វរ​ទ្រង់​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​ទ្រង់​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​គាត់​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។

20 មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ​អ៊ូរី‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-‌យ៉ារីម បាន​ថ្លែង​បន្ទូល​ក្នុង​នាមអុលឡោះ‌តាអាឡា​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​យេរេមា​ដែរ។

21 ស្តេច​យេហូ‌យ៉ាគីម ព្រម​ទាំង​រាជ​បរិពារ និង​មន្ត្រី​ទាំង​អស់​បាន​ឮ​ពាក្យ​នោះ ក៏​រក​សម្លាប់​គាត់​ចោល។ ពេល​លោក​អ៊ូរី‌យ៉ា​ដឹង​ដំណឹង​នេះ គាត់​ភ័យ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។

22 ស្តេច​យេហូ‌យ៉ាគីម​ចាត់​លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ និង​បក្ស​ពួក​គាត់​ឲ្យ​ទៅ​ស្រុក​អេស៊ីប

23 ចាប់​លោក​អ៊ូរី‌យ៉ា​នាំ​មក​ប្រគល់​ឲ្យ​ស្ដេច​វិញ។ ស្ដេច​ក៏​ប្រហារ​ជីវិត​គាត់​ដោយ​មុខ​ដាវ រួច​បោះ​សាក‌សព​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​សាធារណៈ»។

24 លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies