អុលឡោះត្រាស់ហៅណាពីយេរេមា1 នេះជាសេចក្ដីដែលយេរេមាបានថ្លែង និងកិច្ចការដែលគាត់បានធ្វើ។ យេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាអ៊ីមុាំមួយនាក់ ក្នុងក្រុមអ៊ីមុាំ នៅភូមិអាណាថោត ក្នុងស្រុកពុនយ៉ាមីន។ 2 អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ នៅឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស ជាបុត្ររបស់ស្តេចអាំម៉ូន និងជាស្ដេចស្រុកយូដា។ 3 ទ្រង់មានបន្ទូលមកគាត់ទៀត នៅរជ្ជកាលស្តេចយេហូយ៉ាគីមជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា ជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។ សេចក្ដីប្រកាសអំពីស្រុកយូដា និងក្រុងយេរូសាឡឹម4 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ 5 «យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាណាពី សម្រាប់ប្រជាជាតិនានា»។ 6 ខ្ញុំជម្រាបទ្រង់វិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំគ្មានសិទ្ធិនឹងថ្លែងបន្ទូលទេ ដ្បិតខ្ញុំនៅក្មេងពេក»។ 7 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង ចាត់ឲ្យទៅជួប ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់អ្នក។ 8 កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 9 បន្ទាប់មក អុលឡោះតាអាឡាលាតដៃមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ 10 មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករំលើង និងរំលំ ដើម្បីឲ្យអ្នកកំទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។ 11 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ខ្ញុំឃើញស្វាយចន្ទីមួយមែក»។ 12 បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។ 13 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ខ្ញុំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ 14 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក 15 ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ 16 យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានជូនសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ 17 រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។ 18 ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមអ៊ីមុាំ និងអ្នកស្រុកនេះ។ 19 ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies