ពួកហោរាចារ្យមកជួបទារកអ៊ីសា1 អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម 2 សួរថា៖ «ស្តេចរបស់ជនជាតិយូដា ដែលទើបនឹងប្រសូតនៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់គាត់រះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំគាត់»។ 3 កាលស្តេចហេរ៉ូដឮដំណឹងនេះ គាត់រន្ធត់ចិត្តយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្ដជាមួយគាត់ដែរ។ 4 ស្តេចហៅពួកអ៊ីមុាំ និងពួកតួនទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលអាល់ម៉ាហ្សៀសត្រូវប្រសូត។ 5 គេប្រាប់ស្ដេចថា អាល់ម៉ាហ្សៀសត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈណាពីថា៖ 6 «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយនាក់កើតចេញពីអ្នក គាត់នឹងថែរក្សាជនជាតិអ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង» ។ 7 ពេលនោះ ស្តេចហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ 8 បន្ទាប់មក ស្តេចចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយនិយាយថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីទារកនោះឲ្យច្បាស់លាស់។ កាលបើឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងទៅថ្វាយបង្គំគាត់ដែរ»។ 9 ក្រោយពីបានទទួលបញ្ជាហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលទារកនៅទើបឈប់។ 10 កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្ដពន់ប្រមាណ 11 គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។ 12 បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតអុលឡោះមានបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនឲ្យវិលទៅជួបស្តេចហេរ៉ូដវិញឡើយ។ ការភៀសខ្លួនទៅនៅស្រុកអេស៊ីប13 កាលពួកហោរាចារ្យចាកចេញផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំទារក និងម្តាយរត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកសម្លាប់ទារក»។ 14 យូសុះក្រោកឡើង នាំទារក និងម្តាយរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ 15 គាត់ស្នាក់នៅទីនោះរហូតដល់ស្តេចហេរ៉ូដស្លាប់ ដើម្បីឲ្យបានស្របនឹងសេចក្ដី ដែលអុលឡោះជាអម្ចាស់មានបន្ទូលតាមរយៈណាពីថា៖ «យើងបានហៅបុត្រាយើងចេញពីស្រុកអេស៊ីបមក» ។ ស្ដេចហេរ៉ូដចេញបញ្ជាឲ្យគេសម្លាប់ក្មេងៗ16 ស្តេចហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខគាត់ គាត់ខឹងក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចគាត់បានសួរបញ្ជាក់ពួកហោរាចារ្យ។ 17 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈណាពីយេរេមាថា៖ 18 «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។ ការវិលត្រឡប់មកពីស្រុកអេស៊ីបវិញ19 កាលស្តេចហេរ៉ូដស្លាប់ផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ នៅស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖ 20 «ចូរក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់ទៅស្រុកអ៊ីស្រអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងសម្លាប់កូនស្លាប់បាត់អស់ទៅហើយ»។ 21 យូសុះក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់មកស្រុកអ៊ីស្រអែលវិញ។ 22 ប៉ុន្ដែ កាលយូសុះដឹងថា ស្តេចអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងស្តេចហេរ៉ូដជាឪពុកគាត់ខ្លាចមិនហ៊ានទៅស្រុកនោះទេ គាត់ភៀសខ្លួនទៅស្រុកកាលីឡេ ដោយអុលឡោះមានបន្ទូលឲ្យដឹង ក្នុងសុបិននិមិត្ដ។ 23 យូសុះតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកណាពីបានថ្លែងទុកថា៖ «គេនឹងហៅអ៊ីសាថា ជាអ្នកភូមិណាសារ៉ែត»។ |
© 2014 United Bible Societies, UK.
United Bible Societies