ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


មីកា 4 - អាល់គីតាប អាល់គីតាប
មីកា 4

អុលឡោះ​នឹង​ស្ដារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ

1 ថ្ងៃ​ក្រោយ អុលឡោះ‌តាអាឡា​នឹង​លើក​ភ្នំ ដែល​មាន​ម៉ាស្ជិទ​របស់​ទ្រង់ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។

2 ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​ម្ចាស់​របស់ យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ហ៊ូកុំ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

3 ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង ជាតិ​សាសន៍​ដ៏​ច្រើន ទ្រង់​នឹង​សំរុះ‌សំរួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។

4 មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ក្រោម​ម្លប់​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។ គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច្នេះ។

5 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម ព្រះ​របស់​គេ​រៀងៗ​ខ្លួន រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។

6 «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស ដែល​ដើរ​ពុំ​រួច យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែល យើង​បាន​ធ្វើ​ទោស» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

7 «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។

8 រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាម និង​ជា​បន្ទាយ​ដ៏​រឹង‌មាំ អ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើម យេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។

អុលឡោះ​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​ឈឺ​ចាប់

9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​សំរាល​កូន​ដូច្នេះ? តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ? តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?

10 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ ដូច​ស្ត្រី​សំរាល​កូន​ទៅ! ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។ នៅ​ទី​នេះ អុលឡោះ‌តាអាឡា​នឹង​រំដោះ​អ្នក ទ្រង់​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។

11 ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន លើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា: “សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយស ដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។

12 ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​បំណង​របស់អុលឡោះ‌តាអាឡា​ទេ ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ទ្រង់​ដែរ ទ្រង់​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។

13 «ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កំទេច​ពួក​គេ​ទៅ! យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កំទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេ ទុក​សម្រាប់​យើង ដែល​ជាអុលឡោះ‌តាអាឡា និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង ដែល​ជា​អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

14 ឥឡូវ​នេះ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ត្រៀម​ខ្លួន​ជា​ក្បួន​ទ័ព​ទៅ! ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ពួក​យើង​ហើយ គេ​យក​ដំបង​វាយ​ថ្ពាល់​មេ​គ្រប់‌គ្រង​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies