ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


នេហេមា 13 - អាល់គីតាប អាល់គីតាប
នេហេមា 13

ការ​កែ​ទំរង់​ផ្សេងៗ

1 នៅ​គ្រា​នោះ ពេល​អាន​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់​អុលឡោះ​ជា​ដាច់​ខាត

2 ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។ ជន‌ជាតិ​ម៉ូអាប់​បាន​សូក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន‌ជាតិ​អ៊ីស្រ‌អែល។ ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ពរ​វិញ។

3 ពេល​ឮ​ហ៊ូកុំ​នេះ​ហើយ គេ​ក៏​បំបែក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

4 មុន​ពេល​នោះ គេ​តែង‌តាំង​អ៊ីមុាំ​អេលី‌យ៉ាស៊ីប ឲ្យ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ ដោយ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​ថូប៊ី‌យ៉ា

5 គាត់​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​ជំនូន​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ម៉ាស្ជិទ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​ជំនូន​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​អ៊ីមុាំ។

6 ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​ជួប​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​អនុ‌នុញ្ញាត

7 វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលី‌យ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់ សម្រាប់​លោក​ថូប៊ី‌យ៉ា។

8 ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់

9 ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ដំណាក់​អុលឡោះ​ជា​ម្ចាស់ ជំនូន និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។

10 ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចំរៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។

11 ខ្ញុំ​ស្តី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចំរៀង ឲ្យ​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​វិញ។

12 ពេល​នោះ ប្រជា‌ជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ដែល​ជា​ជំនូន​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។

13 ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង​ទៅ​លោក​សេលេ‌មា ជា​អ៊ីមុាំ លោក​សាដុក ជា​បណ្ឌិត​ខាង​ហ៊ូកុំ និង​លោក​ពេដា‌យ៉ា ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណាន ជា​កូន​របស់​លោក​សាគើរ និង​ជា​ចៅ​របស់​លោក​ម៉ាថា‌នា ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជា‌ជន​ទទួល​ស្គាល់​ថា​លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារកិច្ច​ចែក​របប​ឲ្យ​បង​ប្អូន​របស់​ខ្លួន។

14 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ដំណាក់​របស់​ទ្រង់ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ទ្រង់។

15 នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំង‌បាយជូរ នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។

16 មាន​អ្នក​ក្រុង​ទីរ៉ុស​ខ្លះ​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម តែងតែ​ដឹក​ត្រី និង​ទំនិញ​គ្រប់​យ៉ាង មក​លក់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក។

17 ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?

18 អុលឡោះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​កំហឹង​របស់​ទ្រង់ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

19 បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​ឈប់​សម្រាក ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ដាក់​សហ‌ការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ។

20 ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម មួយ​យប់ ឬ​ពីរ​យប់។

21 ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ។

22 ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​របស់​ទ្រង់។

23 នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន‌ជាតិ​យូដា​មួយ​ចំនួន រៀប‌ការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស‌ដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។

24 កូន​របស់​ពួក​គេ​ចំនួន​ពាក់​កណ្ដាល​និយាយ​ភាសា​អាស‌ដូឌ គឺ​មិន​ចេះ​និយាយ​ភាសា​យូដា​ទេ ពួក​គេ​ចេះ​និយាយ​តែ​ភាសា​របស់​ជន‌ជាតិ​ដទៃ​ប៉ុណ្ណោះ។

25 ខ្ញុំ​បាន​ស្តី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​នាម​អុលឡោះ​ជា​ម្ចាស់ ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​ឲ្យ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។

26 ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្តេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្តេច​ណា​មួយ​ដូច​ស្តេច​ស៊ូឡៃ‌ម៉ាន​ទេ។ អុលឡោះ​ជា​ម្ចាស់​ស្រឡាញ់​ស្តេច​ស៊ូឡៃ‌ម៉ាន ទ្រង់​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

28 លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​មូស្ទី​អេលី‌យ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

29 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​អ៊ីមុាំ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។

30 ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ហ៊ូកុំ​ឲ្យ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខ‌ងារ​របស់​ខ្លួន។

31 ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ជូន​តាម​ពេល​កំណត់ ព្រម​ទាំង​ជំនូន​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ខ្ញុំ ហើយ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​សន្ដោស​ផង៕

© 2014 United Bible Societies, UK.

United Bible Societies