ការប្រកាសអំពីគ្រោះកាចចុងក្រោយ1 អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្តេចហ្វៀរ៉អ៊ូន និងស្រុកអេស៊ីប។ លើកនេះ ស្តេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្តេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ 2 ចូរប្រាប់កូនចៅអ៊ីស្រអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ 3 អុលឡោះតាអាឡាធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រអែល។ ម៉្យាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពម៉ូសាយ៉ាងខ្លាំង។ 4 ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ 5 កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ 6 ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសំរែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ 7 ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា អុលឡោះតាអាឡាមិនធ្វើទោសជនជាតិអ៊ីស្រអែល ដូចទ្រង់ធ្វើទោសជនជាតិអេស៊ីបឡើយ”។ 8 ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ស្តេចនឹងមកក្រាបចុះ នៅមុខខ្ញុំ ហើយពោលថា “សូមអ្នក និងប្រជាជនរបស់អ្នកអញ្ជើញទៅចុះ!” ខ្ញុំនឹងចាកចេញទៅ»។ ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូនទៅ ទាំងក្តៅក្រហាយ។ 9 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសំដែងការអស្ចារ្យកាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។ 10 ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies