និក្ខមនំ 12 - អាល់គីតាបបុណ្យរំលង 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូន នៅស្រុកអេស៊ីបថា៖ 2 «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ 3 ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ 4 បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយ ដែលអាចបរិភោគអស់។ 5 ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។ 6 អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។ 7 ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ 8 នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ 9 មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ 10 មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ 11 នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យរំលងជូនអុលឡោះតាអាឡា”។ 12 នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាអុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ 13 ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសំគាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។ 14 អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើងអុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។ ពិធីបុណ្យនំបុ័ងឥតមេ 15 ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំបុ័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំបុ័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរ នឹងត្រូវបណ្តេញចេញពីចំណោមជនជាតិអ៊ីស្រអែល។ 16 នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្តុំគ្នា ជាអង្គប្រជុំបរិសុទ្ធ។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។ 17 អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះ ទុកជាហ៊ូកុំដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលបានឡើយ។ 18 នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតមេ។ 19 ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំបុ័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំបុ័ងមានមេ នឹងត្រូវបណ្តេញចេញពីសហគមន៍អ៊ីស្រអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្តី។ 20 ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំបុ័ងមានមេឡើយ គឺបរិភោគបានតែនំបុ័ងឥតមេប៉ុណ្ណោះ»។ ការរៀបចំម្ហូបអាហារសម្រាប់បុណ្យរំល 21 ម៉ូសាបានហៅអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យរំលងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ 22 ចូរយកមែកហ៊ីសុបចងជាកញ្ចុំ រួចជ្រលក់ក្នុងផើង ដែលដាក់ឈាម ហើយយកឈាមនោះ ទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ 23 ពេលអុលឡោះតាអាឡាឆ្លងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយមើលឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ នោះទ្រង់នឹងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។ 24 អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមហ៊ូកុំនេះរហូតតទៅ។ 25 នៅពេលដែលអ្នករាល់គ្នាចូលទៅក្នុងទឹកដី ដែលអុលឡោះតាអាឡាប្រទានឲ្យអ្នករាល់គ្នា ស្របតាមបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ 26 បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្តេច 27 ចូរប្រាប់ពួកគេថា: នេះជាគូរបាននៃពិធីបុណ្យរំលងជូនអុលឡោះតាអាឡា។ កាលពួកយើងនៅស្រុកអេស៊ីប ទ្រង់ប្រហារជនជាតិអេស៊ីបតែបានរំលងផ្ទះរបស់ពួកយើងហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។ 28 ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។ គ្រោះកាចចុងក្រោយ: ការប្រហារកូនច្បងរបស់ជនជាតិអេស៊ីប 29 នៅកណ្តាលអធ្រាត្រអុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលគ្រងរាជ្យរហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។ 30 នៅយប់នោះ ស្តេចហ្វៀរ៉អ៊ូន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសំរែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ 31 ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមកទាំងយប់ ហើយមានប្រសាសន៍ទៅកាន់អ្នកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើអុលឡោះតាអាឡា ដូចអ្នករាល់គ្នាបានសុំនោះទៅ! 32 ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។ 33 ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។ 34 ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។ 35 ជនជាតិអ៊ីស្រអែលធ្វើតាមពាក្យដែលម៉ូសាបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។ 36 អុលឡោះតាអាឡាបានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប 37 ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ 38 មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ 39 ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេបានយកពីស្រុកអេស៊ីបមកនោះ ដុតជានំបុ័ងឥតមេ ដ្បិតជនជាតិអេស៊ីបបានដេញពួកគេចេញមក យ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀង សម្រាប់បរិភោគតាមផ្លូវឡើយ។ 40 ជនជាតិអ៊ីស្រអែលស្នាក់នៅស្រុកអេស៊ីប អស់រយៈពេលបួនរយសាមសិបឆ្នាំ។ 41 លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់អុលឡោះតាអាឡាក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។ 42 នៅយប់នោះ ជនជាតិអ៊ីស្រអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណអុលឡោះតាអាឡា ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ហ៊ូកុំសម្រាប់ប្រារព្ធពិធីបុណ្យរំលង 43 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យរំលងមានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យរំលងទេ។ 44 ទាសករដែលអ្នករាល់គ្នាទិញមកអាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីខតាន់ឲ្យជាមុនសិន។ 45 សាសន៍ដទៃដែលមករស់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។ 46 ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។ 47 សហគមន៍អ៊ីស្រអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។ 48 ប្រសិនបើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់ចូលរួមប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡាដែរ នោះត្រូវឲ្យប្រុសៗរបស់ពួកគេទទួលពិធីខតាន់ជាមុនសិន ទើបគេអាចចូលរួមប្រារព្ធពិធីបុណ្យ ដូចម្ចាស់ស្រុកដែរ។ ជនមិនខតាន់ពុំអាចចូលរួមបរិភោគអាហារនៃបុណ្យរំលងជាដាច់ខាត។ 49 មានហ៊ូកុំតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។ 50 ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាប្រតិបត្តិតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា និងហារូន។ 51 នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡានាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។ |
© 2014 United Bible Societies, UK.
United Bible Societies