នាងអេសធើរឡើងធ្វើជាមហាក្សត្រិយានី1 ក្រោយហេតុការណ៍ទាំងនោះមក ស្តេចអហាស៊ូរុសស្ងប់កំហឹង ស្ដេចនឹកដល់នាងវ៉ាសធី និងអំពើដែលនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះនាង។ 2 ពួកអ្នកបម្រើជម្រាបស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកជូនស្តេច។ 3 សូមស្តេចចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ស្តេច និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។ 4 ស្តេចពេញចិត្តនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី»។ ស្តេចពេញចិត្ត ហើយសម្រេចតាមសំណើនេះ។ 5 នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយនាក់ឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ 6 លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹម ជាមួយឈ្លើយសឹកឯទៀតៗ ដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយស្តេចយេកូនាស ជាស្ដេចស្រុកយូដា។ 7 នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។ 8 នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។ 9 លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ គាត់យកចិត្តទុកដាក់ប្រគល់គ្រឿងសំអាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ គាត់ប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។ 10 នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។ 11 រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។ 12 ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលជួបស្តេចអហាស៊ូរុស។ ពួកនាងត្រូវសំអាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសំអាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។ 13 ពេលនាងត្រូវចូលទៅជួបស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ 14 នាងទៅជួបស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមភរិយា។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។ 15 លុះដល់វេននាងត្រូវចូលជួបស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។ 16 គេបានមកនាំនាងយកទៅជូនស្តេចអហាស៊ូរុស នៅបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ 17 ស្តេចស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី។ 18 ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍នឹងតែងតាំងនាងអេសធើរ ស្តេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយចិត្តទូលំទូលាយ។ 19 នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។ 20 មកទល់ពេលនោះ នាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ គឺនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។ 21 នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីកថាន និងលោកថេរែស មានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតស្តេចអហាស៊ូរុស។ 22 លោកម៉ាដេកាយដឹងគម្រោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅនាងអេសធើរ ហើយនាងអេសធើរក៏យកទៅជម្រាបស្ដេចក្នុងនាមលោកម៉ាដេកាយ។ 23 គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះមុខស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។ |
© 2014 United Bible Societies, UK.
United Bible Societies