សូមអុលឡោះសំដែងអំណាច ដើម្បីសងសឹក1 អុលឡោះតាអាឡាអើយ ទ្រង់តែងតែសងសឹក ឱអុលឡោះដែលតែងតែសងសឹក សូមសំដែងអំណាច! 2 ឱអុលឡោះដែលជាចៅក្រមនៃពិភពលោកអើយ សូមក្រោកឡើង! សូមដាក់ទោសមនុស្សព្រហើន ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត! 3 ឱអុលឡោះតាអាឡាអើយ តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត? 4 ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។ 5 ឱអុលឡោះតាអាឡាអើយ ពួកគេជិះជាន់សង្កត់សង្កិន ប្រជារាស្ត្ររបស់ទ្រង់ ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ទ្រង់ 6 ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍ ពួកគេធ្វើឃាតក្មេងកំព្រា 7 ហើយពោលថា «អុលឡោះតាអាឡាមើលមិនឃើញទេ អុលឡោះជាម្ចាស់របស់យ៉ាកកូបមិនរវីរវល់ឡើយ!» 8 មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន! មនុស្សឆោតល្ងង់អើយ តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត? 9 ទ្រង់ដែលជាអ្នកបង្កើតត្រចៀកមនុស្សមក តើទ្រង់មិនចេះស្ដាប់ឬ? ទ្រង់ដែលជាអ្នកបង្កើតភ្នែកមនុស្សមក តើទ្រង់មិនចេះមើលឬ? 10 ទ្រង់ដែលជាអ្នកវាយប្រដៅប្រជាជាតិនានា តើទ្រង់មិនចេះដាក់ទោសទេឬ? ទ្រង់ដែលជាអ្នកបង្រៀនមនុស្សលោក ឲ្យចេះដឹង តើទ្រង់មិនចេះដឹងទេឬ? 11 អុលឡោះតាអាឡាជ្រាបគំនិតរបស់មនុស្សលោក ច្បាស់ណាស់! គឺគំនិតរបស់គេគ្មានខ្លឹមសារអ្វីទេ 12 ឱអុលឡោះតាអាឡាអើយ អ្នកណាមានទ្រង់រំលឹកដាស់តឿន ហើយយកហ៊ូកុំមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ! 13 នៅថ្ងៃមានអាសន្ន ទ្រង់ប្រទានឲ្យគេមានចិត្តស្ងប់ រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ 14 ដ្បិតអុលឡោះតាអាឡាមិនបោះបង់ប្រជារាស្ត្រ របស់ទ្រង់ឡើយ ទ្រង់មិនចោលប្រជាជនរបស់ទ្រង់ផ្ទាល់ ជាដាច់ខាត។ 15 ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។ 16 តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់? តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? 17 ប្រសិនបើអុលឡោះតាអាឡាមិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ 18 ឱអុលឡោះតាអាឡាអើយ ពេលណាខ្ញុំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះទ្រង់សំដែងចិត្តមេត្តាករុណា ជួយទ្រខ្ញុំ។ 19 ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តខ្ញុំ ទ្រង់សំរាលទុក្ខខ្ញុំ ដោយប្រទានឲ្យខ្ញុំមានអំណរសប្បាយ។ 20 តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម ដ៏ទុច្ចរិតទាំងនោះ ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ? 21 ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។ 22 ក៏ប៉ុន្តែ អុលឡោះតាអាឡាជាកំពែងការពារខ្ញុំ ម្ចាស់របស់ខ្ញុំជាថ្មដា និងជាជំរក សម្រាប់ខ្ញុំ។ 23 ទ្រង់សងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ទ្រង់ធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies