ទំនុកតម្កើង 93 - អាល់គីតាបអុលឡោះតាអាឡាជាស្តេច 1 អុលឡោះតាអាឡាជាស្តេច ប្រកបដោយភាពថ្កុំថ្កើងរុងរឿង អុលឡោះតាអាឡាប្រកបទៅដោយអំណាច ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។ 2 បល្ល័ង្ករបស់ទ្រង់នៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ទ្រង់នៅអស់កល្ប តាំងពីអស់កល្បជានិច្ច។ 3 ឱអុលឡោះតាអាឡាអើយ មហាសាគរទាំងឡាយបន្លឺសំឡេងឡើង មហាសាគរទាំងឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ 4 ក៏ប៉ុន្តែ នៅសូរ៉កា អុលឡោះតាអាឡាគ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ទ្រង់មានអំណាចខ្លាំង ជាងសំឡេងមហាសាគរ ទ្រង់មានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ 5 ឱអុលឡោះតាអាឡាអើយ ហ៊ូកុំ របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយដំណាក់របស់ទ្រង់ជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies