សូមអុលឡោះប្រទានពរដល់ស្តេចទំនុករបស់ណាពីស៊ូឡៃម៉ាន។ 1 ឱអុលឡោះអើយ សូមប្រទានឲ្យស្តេច ចេះវិនិច្ឆ័យដូចទ្រង់ ហើយសូមឲ្យកូនប្រុសរបស់ស្តេច បានប្រកបដោយសេចក្ដីសុចរិត ដូចទ្រង់ដែរ! 2 ដើម្បីឲ្យស្តេចអាចគ្រប់គ្រង ប្រជារាស្ត្ររបស់គាត់ ដោយសុចរិត ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។ 3 សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។ 4 សូមស្តេចរកយុត្តិធម៌ឲ្យជនក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ សូមទ្រង់ជួយសង្គ្រោះមនុស្សកំសត់ទុគ៌ត ហើយកំទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ 5 ដរាបណានៅមានព្រះអាទិត្យរះ មានព្រះច័ន្ទបញ្ចេញរស្មី សូមឲ្យស្តេចមានអាយុយឺនយូរ អស់កល្បជាអង្វែងតរៀងទៅ។ 6 សូមទ្រង់ផ្ដល់ពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ 7 សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។ 8 សូមឲ្យអំណាចរបស់ស្តេចលាតសន្ធឹង ពីសមុទ្រមួយទៅសមុទ្រមួយ និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។ 9 ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបគោរពស្តេច ហើយខ្មាំងសត្រូវរបស់ស្តេច ត្រូវបរាជ័យ ងើបមុខមិនរួច ។ 10 ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។ 11 ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបគោរពស្តេច ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើស្តេច។ 12 ស្តេចរំដោះជនក្រីក្រ នៅពេលគេស្រែកអង្វរស្តេច ហើយស្តេចរំដោះជនទុគ៌តដែលគ្មានទីពឹង។ 13 ស្តេចអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកំសត់ទុគ៌ត ស្តេចសង្គ្រោះជីវិតមនុស្សក្រីក្រ។ 14 ស្តេចរំដោះពួកគេឲ្យរួចផុត ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ ចំពោះស្តេច ជីវិតរបស់ពួកគេមានតម្លៃណាស់។ 15 សូមឲ្យស្តេចមានអាយុយឺនយូរ! គេនឹងយកមាសពីស្រុកសាបាមកជូនស្តេច គេនឹងទូរអាអង្វរអុលឡោះឲ្យស្តេច ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ គេនឹងជូនពរដល់ស្តេច។ 16 នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌ នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង សូមឲ្យប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។ 17 សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ! 18 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដ្បិតមានតែទ្រង់ទេ ដែលសំដែងការអស្ចារ្យទាំងនេះ! 19 សូមលើកតម្កើងនាមដ៏រុងរឿង របស់ទ្រង់រហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ទ្រង់! អាម៉ីន! អាម៉ីន! 20 ពាក្យទូរអារបស់ស្ដេចទត ជាបុត្ររបស់លោកអ៊ីសាយ ចប់តែត្រឹមណេះ។ |
© 2014 United Bible Societies, UK.
United Bible Societies