ពាក្យទូរអារបស់មនុស្សចាស់ជរា1 អុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់ហើយ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ! 2 ដោយទ្រង់មានចិត្តសុចរិត សូមរំដោះខ្ញុំឲ្យមានសេរីភាព សូមស្តាប់ពាក្យរបស់ខ្ញុំ សូមសង្គ្រោះខ្ញុំផង! 3 សូមទ្រង់ធ្វើជាថ្មដា សម្រាប់ខ្ញុំជ្រកកោន ទ្រង់បង្គាប់ឲ្យខ្ញុំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតទ្រង់ពិតជាថ្មដា និងជាកំពែងការពារខ្ញុំមែន! 4 ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំឲ្យគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច! 5 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់ជាទីសង្ឃឹមរបស់ខ្ញុំ ខ្ញុំបានផ្ញើជីវិតលើទ្រង់តាំងពីក្មេងមក! 6 ខ្ញុំពឹងផ្អែកលើទ្រង់តាំងពីនៅក្នុងផ្ទៃម្ដាយ គឺទ្រង់ហើយដែលបានយក ខ្ញុំចេញពីផ្ទៃម្ដាយ ខ្ញុំសរសើរតម្កើងទ្រង់ឥតឈប់ឈរ! 7 មនុស្សជាច្រើនយល់ថាអុលឡោះ បានដាក់បណ្ដាសាខ្ញុំ ក៏ប៉ុន្តែ តាមពិត ទ្រង់ជាជំរក ដ៏រឹងមាំរបស់ខ្ញុំ។ 8 សូមឲ្យខ្ញុំពោលពាក្យ សរសើរតម្កើងទ្រង់ជានិច្ច ខ្ញុំចង់លើកតម្កើងសិរីរុងរឿង របស់ទ្រង់ជារៀងរាល់ថ្ងៃ! 9 សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ! 10 ដ្បិតសត្រូវរបស់ខ្ញុំកំពុង តែគិតគ្នាប្រឆាំងនឹងខ្ញុំ អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតខ្ញុំ កំពុងតែពិភាក្សាគ្នា 11 គេពោលថា: អុលឡោះ បានបោះបង់ចោលគាត់ហើយ! ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ! 12 ឱអុលឡោះអើយ សូមកុំទៅណាឆ្ងាយពីខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកជួយខ្ញុំជាប្រញាប់! 13 សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ! សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ! 14 រីឯខ្ញុំវិញ ខ្ញុំនៅតែមានសង្ឃឹមជានិច្ច ខ្ញុំនឹងសរសើរតម្កើងទ្រង់ ហើយសរសើរតម្កើងទៀត! 15 ជារៀងរាល់ថ្ងៃ ខ្ញុំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ទ្រង់ ដែលមានចំនួន ដ៏ច្រើនឥតគណនា។ 16 អុលឡោះតាអាឡា ជាម្ចាស់អើយ! ដោយសារទ្រង់ជួយ ខ្ញុំនឹងចូលមកក្នុងដំណាក់ ខ្ញុំនឹងរំលឹកពីសេចក្ដីសុចរិត របស់ទ្រង់តែមួយប៉ុណ្ណោះ។ 17 អុលឡោះអើយ ទ្រង់បានប្រៀនប្រដៅខ្ញុំ តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលនេះ ខ្ញុំនៅតែប្រកាស អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ដដែល។ 18 ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។ 19 អុលឡោះអើយ ចិត្តសុចរិតរបស់ទ្រង់ខ្ពស់ពន់ពេកណាស់ ដ្បិតទ្រង់បានធ្វើការដ៏ធំអស្ចារ្យជាច្រើន អុលឡោះអើយ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានឡើយ! 20 ទ្រង់បានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ទ្រង់ប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ទ្រង់បាននាំខ្ញុំឡើងពីរណ្ដៅមកវិញ។ 21 ទ្រង់នឹងប្រទានឲ្យខ្ញុំ មានកិត្តិយសកាន់តែខ្ពស់ ទ្រង់នឹងសំរាលទុក្ខខ្ញុំសាជាថ្មី។ 22 អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ដោយសំឡេងចាប៉ី ព្រោះទ្រង់មានចិត្តស្មោះស្ម័គ្រ ឱអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែលអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ដោយដេញពិណកំដរផង! គីតាបសាបូរជូនទ្រង់ 23 ខ្ញុំនឹងច្រៀងតម្កើងទ្រង់ ខ្ញុំនឹងបន្លឺសំឡេងឡើងដោយអំណរ ខ្ញុំនឹងច្រៀងអស់ពីចិត្ត ព្រោះទ្រង់បានរំដោះជីវិតខ្ញុំ។ 24 ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ! |
© 2014 United Bible Societies, UK.
United Bible Societies