សូមរកយុត្តិធម៌ឲ្យខ្ញុំផងទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ កំណាព្យរបស់ណាពីទត នៅពេលដែលជនជាតិស៊ីភមកជម្រាបស្តេចសូលថា ស្តេចទតនៅលាក់ខ្លួនជាមួយពួកគេ។ 1 ឱអុលឡោះអើយ សូមសង្គ្រោះខ្ញុំ ដោយយល់ដល់នាមរបស់ទ្រង់ សូមរកយុត្តិធម៌ឲ្យខ្ញុំ ដោយយល់ដល់អំណាចរបស់ទ្រង់។ 2 ឱអុលឡោះអើយ សូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ សូមស្តាប់ពាក្យរបស់ខ្ញុំផង 3 ដ្បិតជនបរទេស លើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅចង់ដកជីវិតខ្ញុំ ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងអុលឡោះទេ ។ - សម្រាក 4 ក៏ប៉ុន្តែ អុលឡោះនឹងសង្គ្រោះខ្ញុំ អុលឡោះតាអាឡានឹងការពារជីវិតខ្ញុំ។ 5 ទ្រង់នឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកំទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ចិត្តស្មោះ ត្រង់របស់ទ្រង់! 6 ខ្ញុំនឹងធ្វើគូរបានជូនទ្រង់ ដោយស្មោះអស់ពីចិត្ត ឱអុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើងនាមទ្រង់ ព្រោះទ្រង់មានចិត្តសប្បុរស។ 7 ទ្រង់បានរំដោះខ្ញុំ ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង ហើយខ្ញុំនឹងឃើញខ្មាំងសត្រូវ របស់ខ្ញុំបរាជ័យ ។ |
© 2014 United Bible Societies, UK.
United Bible Societies