Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 55 - អាល់គីតាប


ពាក្យ​ទូរអា​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ណាពី​ទត។

1 អុលឡោះ​អើយ! សូម​ស្តាប់​ពាក្យ ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​កុំ​លាក់​មុខ នៅ​ពេល​ខ្ញុំ​ទទូច​អង្វរ​ទ្រង់។

2 សូម​ទ្រង់​មេត្តា​ស្តាប់​ខ្ញុំ ហើយ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង ខ្ញុំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង

3 នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ខ្ញុំ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ដោយ​កំហឹង។

4 ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ខ្ញុំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

5 ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​ខ្ញុំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។

6 ខ្ញុំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប នោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយ សម្រាប់​ជ្រក​កោន។

7 ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយ ខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោ‌ស្ថាន។ - សម្រាក

8 ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័ស គឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។

9 អុលឡោះ‌តាអាឡា​អើយ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ របស់​ខ្ញុំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយ ដ្បិត​នៅ​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​តែ អំពើ​ឃោរ‌ឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។

10 ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុង ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និង​អំពើ​ពាល។

11 នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្ម ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់ និង​ការ​បោក​ប្រាស់។

12 អ្នក​ដែល​បំបាក់​មុខ​ខ្ញុំ មិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ ប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែន ខ្ញុំ​មុខ​ជា​ទ្រាំ‌ទ្រ​បាន​មិន​ខាន ហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរ ប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែន ខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន

13 គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ ជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។

14 យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នា យើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​ជា​មួយ​គ្នា ក្នុង​ដំណាក់​របស់​ទ្រង់។

15 សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរ៉កា​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះ ហើយ​អុលឡោះ‌តាអាឡា​នឹង​សង្គ្រោះ​ខ្ញុំ។

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ទ្រង់ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។

18 ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ទ្រង់​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។

19 អុលឡោះ​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មក សូម​ទ្រង់​ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន គោរព​កោត​ខ្លាច​អុលឡោះ​ទាល់​តែ​សោះ។

20 អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។

21 ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។

22 ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខាន ដ្បិត​ទ្រង់​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។

23 ឱ​អុលឡោះ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម