ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 4 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 4

អុលឡោះ​ការពារ នៅ​ពេល​គេ​មួល​បង្កាច់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ​ដែល​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​អើយ ពេល​ខ្ញុំ​ដង្ហោយ​ហៅ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង! ពេល​ខ្ញុំ​មាន​ទុក្ខ‌ធុរៈ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ ។ សូម​អាណិត​មេត្តា​ខ្ញុំ សូម​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ផង។

2 មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក

3 ត្រូវ​ដឹង​ថា អុលឡោះ‌តាអាឡា​តែងតែ​ប្រោស‌ប្រណី​ មនុស្ស​ស្មោះ​ត្រង់ ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ខ្ញុំ​ជា‌និច្ច។

4 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ​ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក

5 ចូរ​ធ្វើ​គូរបាន​ដ៏​សុចរិត​ ហើយ​ពឹង​ផ្អែក​លើ​អុលឡោះ‌តាអាឡា​ចុះ។

6 មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!

7 ទ្រង់​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។

8 ពេល​ខ្ញុំ​ចូល​ដំណេក នោះ​ខ្ញុំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ មាន​តែ​ទ្រង់​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។

© 2014 United Bible Societies, UK.

United Bible Societies