Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 5 - អាល់គីតាប


ពាក្យ​ទូរអា​សូម​អុលឡោះ​ការពារ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំដរ​ដោយ​ខ្លុយ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្ដាប់​ពាក្យ​របស់​ខ្ញុំ! សូម​ទ្រង់​ស្តាប់​សំរែក​ឈឺ​ចាប់ របស់​ខ្ញុំ​ផង។

2 ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​សូរ​សំរែក របស់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទូរអា​រក​ទ្រង់។

3 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! នៅ​ពេល​ព្រឹក ទ្រង់​ស្តាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ចូល​មក​ជួប ហើយ​នៅ​រង់‌ចាំ​ទ្រង់ តាំង​ពី​ព្រលឹម។

4 ទ្រង់​មិន​មែន​ជា​ម្ចាស់​ដែល​ពេញ​ចិត្ត នឹង​អំពើ​ទុច្ចរិត​នោះ​ទេ អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ទ្រង់​បាន​ឡើយ។

5 ទ្រង់​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន ចូល​មក​ជិត​ទ្រង់​ទេ ទ្រង់​ក៏​មិន​ពេញ​ចិត្ត​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។

6 ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ អុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិច‌កល។

7 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់​បាន ដោយ‌សារ​តែ​ទ្រង់​មាន​ចិត្ត​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់​ ទាំង​គោរព​កោត​ខ្លាច។

8 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ខ្ញុំ! សូម​ដឹក​នាំ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង របស់​ទ្រង់ សូម​ពង្រាប​ផ្លូវ​របស់​ទ្រង់​នៅ​មុខ​ខ្ញុំ​ផង។

9 អ្នក​ទាំង​នោះ​មាន​ពាក្យ​សំដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល​សម្រាប់​ប្រហារ​ជីវិត។

10 ឱ​អុលឡោះ​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​ឲ្យ​គេ​វិនាស​អន្តរាយ ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។

11 រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ទ្រង់​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ទ្រង់។

12 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម