ទំនុកតម្កើង 3 - អាល់គីតាបពាក្យទូរអានៅពេលមានសត្រូវព័ទ្ធជុំវិញ គីតាបសាបូររបស់ណាពីទត ក្នុងគ្រាដែលគាត់រត់ ភៀសចេញពីសម្ដេចអាប់សាឡុម ជាកូន។ 1 អុលឡោះតាអាឡាជាម្ចាស់អើយ ខ្មាំងសត្រូវរបស់ខ្ញុំមានគ្នាច្រើនណាស់! រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងខ្ញុំ ក៏មានគ្នាច្រើនដែរ! 2 មានមនុស្សជាច្រើនពោលពីខ្ញុំថា «អុលឡោះមិនសង្គ្រោះគាត់ឡើយ!»។ - សម្រាក 3 ក៏ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាខែលការពារខ្ញុំ ទ្រង់ផ្តល់សិរីរុងរឿងឲ្យខ្ញុំ និងប្រោសឲ្យខ្ញុំងើបមុខឡើងវិញបាន។ 4 ខ្ញុំស្រែកដង្ហោយហៅរកអុលឡោះតាអាឡា យ៉ាងអស់ពីដួងចិត្ត ហើយទ្រង់ឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។ - សម្រាក 5 ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតអុលឡោះតាអាឡាជួយគាំទ្រខ្ញុំ។ 6 ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនភ័យខ្លាចដែរ។ 7 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។ 8 សូមជម្រាបអុលឡោះតាអាឡា មានតែទ្រង់ទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់ផង! - សម្រាក |
© 2014 United Bible Societies, UK.
United Bible Societies