ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 38 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 38

ពាក្យ​ទូរអា​របស់​មនុស្ស​ឈឺ​ចុក​ចាប់
ទំនុក​របស់​ណាពី​ទត។ សម្រាប់​ពិធី​រំលឹក។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​ទ្រង់​មិន​ពេញ​ចិត្ត នឹង​ខ្ញុំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ​ដែរ​

2 ដ្បិត​ព្រួញ​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ ដៃ​របស់​ទ្រង់​បាន​សង្កត់​មក​លើ​ខ្ញុំ។

3 កំហឹង​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ខ្ញុំ​ពុក​អស់

4 ដ្បិត​កំហុស​របស់​ខ្ញុំ​បាន​ជន់‌ជោរ ឡើង​លិច​ក្បាល​ខ្ញុំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ខ្ញុំ។

5 របួស​ខ្ញុំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ខ្ញុំ។

6 ខ្ញុំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន ហើយ​ខ្ញុំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

7 ខ្ញុំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គ‌កាយ។

8 ខ្ញុំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។

9 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នា របស់​ខ្ញុំ​ស្រាប់​ហើយ ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ​ថ្ងូរ។

10 បេះ‌ដូង​ខ្ញុំ​ញាប់‌ញ័រ កម្លាំង​ខ្ញុំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ខ្ញុំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

11 មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ខ្ញុំ មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ខ្ញុំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។

12 អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

13 ប៉ុន្តែ ខ្ញុំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ ខ្ញុំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។

14 ខ្ញុំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ ហើយ​ជា​មនុស្ស​ដែល​មិន​អាច ពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។

15 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ មាន​តែ​ទ្រង់​ហើយ​ដែល​ឆ្លើយ​ជំនួស​ខ្ញុំ!

16 សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ខ្ញុំ​វេទនា សូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោង ក្នុង​ពេល​ដែល​ខ្ញុំ​ទន់​ជង្គង់​នេះ​ឡើយ

17 ដ្បិត​ខ្ញុំ​កំពុង​តែ​ចង់​ដួល ហើយ​ខ្ញុំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជា‌និច្ច​ដែរ។

18 ខ្ញុំ​សូម​សារ‌ភាព​កំហុស ខ្ញុំ​សោក​ស្តាយ​ណាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។

19 រីឯ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​វិញ ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។

20 ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ពួក​គេ នាំ​គ្នា​ចោទ​ប្រកាន់​ ខ្ញុំ ព្រោះ​តែ​ខ្ញុំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។

21 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​កុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដូច្នេះ!

22 អុលឡោះ‌តាអាឡា​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ​អើយ សូម​មេត្តា​ប្រញាប់​មក សង្គ្រោះ​ខ្ញុំ​ផង!។

© 2014 United Bible Societies, UK.

United Bible Societies