Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 37 - អាល់គីតាប


ចុង​បញ្ចប់​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ
ទំនុក​របស់​ណាពី​ទត។

1 មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ

2 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។

3 ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។

4 ចូរ​ស្វែង​រក​សុភ‌មង្គល​ពី​អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។

5 ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង អំណាច​របស់​ទ្រង់ ចូរ​ផ្ញើ​ជីវិត​លើ​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​អ្នក។

6 ទ្រង់​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ទ្រង់​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

7 ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ អុលឡោះ‌តាអាឡា ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចំរុង​ចំរើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

8 ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។

9 អុលឡោះ‌តាអាឡា​នឹង​កាត់‌កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។

10 នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។

11 រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​ ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។

12 មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

13 ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ទ្រង់​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស​ ជិត​មក​ដល់​ហើយ។

14 មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ​ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

15 ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះ‌ដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។

16 ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ របស់​មនុស្ស​អាក្រក់

17 ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ទ្រង់​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។

18 អុលឡោះ‌តាអាឡា​យក​ចិត្ត​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង ទ្រង់​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។

19 នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។

20 រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​អុលឡោះ‌តាអាឡា ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

21 មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។

22 អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ទ្រង់​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។

23 អុលឡោះ‌តាអាឡា​ពង្រឹង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ‌មួន ហើយ​ទ្រង់​ពេញ​ចិត្ត នឹង​មាគ៌ា​របស់​គេ។

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​អុលឡោះ‌តាអាឡា​កាន់​ដៃ​គេ​ជាប់។

25 តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​អុលឡោះ‌តាអាឡា​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។

26 មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ពរ។

27 ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ

28 ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

30 មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ

31 ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ទ្រង់​ឡើយ។

32 មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។

33 ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​បោះ​បង់​មនុស្ស​សុចរិត ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។

34 ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ហើយ​កាន់​តាម​មាគ៌ា​របស់​ទ្រង់​ទៅ នោះ​ទ្រង់​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។

35 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។

36 ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។

37 ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។

38 រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។

39 អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។

40 អុលឡោះ‌តាអាឡា​សង្គ្រោះ និង​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ទ្រង់​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​អំណាច​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម