យើងខ្ញុំមកជ្រកកោនក្រោមម្លប់អំណាចរបស់អុលឡោះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត ជាអ្នកបម្រើ អុលឡោះតាអាឡា ។ 1 ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា មិនបាច់គោរពកោតខ្លាចអុលឡោះទេ ។ 2 គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរឲ្យស្អប់នោះឡើយ។ 3 គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ 4 សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។ 5 ឱអុលឡោះតាអាឡាអើយ! ចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ខ្ពស់ដល់អាកាសវេហាស៍។ 6 ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ 7 ឱអុលឡោះអើយ ចិត្តមេត្តាករុណា របស់ទ្រង់ មានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់អំណាច របស់ទ្រង់ ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។ 8 ទ្រង់ប្រទានអាហារយ៉ាងបរិបូណ៌ ឲ្យមនុស្សលោកនៅក្នុង ដំណាក់របស់ទ្រង់ ហើយទ្រង់ប្រទានឲ្យគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ 9 ដ្បិតទ្រង់ជាប្រភពនៃជីវិត ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ទ្រង់។ 10 សូមសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ទ្រង់តទៅទៀត ហើយសំដែងចិត្តសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ 11 សូមកុំឲ្យមនុស្សព្រហើនកោងកាច មកវាយប្រហារខ្ញុំបានឡើយ ហើយក៏កុំឲ្យមនុស្សពាល មកបណ្តេញខ្ញុំបានដែរ! 12 មនុស្សប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ហើយងើបឡើងវិញពុំរួចឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies