Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 35 - អាល់គីតាប


សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!
ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ប្រឆាំង អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ខ្ញុំ​ផង!។

2 សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ មក​ជួយ​ខ្ញុំ​ជា​ប្រញាប់!

3 សូម​គប់​លំពែង និង​ពូថៅ ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ខ្ញុំ សូម​បញ្ជាក់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ។

4 សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ត្រូវ​អាម៉ាស់ និង​បាក់​មុខ សូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស!

5 នៅ​ពេល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា បណ្ដេញ​ពួក​គេ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។

6 នៅ​ពេល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា​ដេញ​តាម​ពួក​គេ សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង និង​រអិល​ទៀត​ផង!។

7 អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ខ្ញុំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។

8 សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ ដោយ​មិន​បាន​ដឹង​ជា​មុន សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​បង្កប់​ទុក សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!។

9 ពេល​នោះ ខ្ញុំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ ខ្ញុំ​មាន​អំណរ​សប្បាយ មក​ពី​ទ្រង់​សង្គ្រោះ​ខ្ញុំ។

10 ខ្ញុំ​នឹង​ជម្រាប​ទ្រង់​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: អុលឡោះ‌តាអាឡា​អើយ គ្មាន​នរណា​ដូច​ទ្រង់​ឡើយ ទ្រង់​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ទ្រង់​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

11 មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ គេ​បាន​ចោទ​សួរ​ខ្ញុំ​អំពី​កិច្ចការ ដែល​ខ្ញុំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

12 គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង នឹង​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ខ្ញុំ​នៅ​ឯកោ​ម្នាក់​ឯង។

13 ពេល​ពួក​គេ​ឈឺ ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ខ្ញុំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ខ្ញុំ​ទូរអា‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

14 ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង​ប្អូន ខ្ញុំ​ព្រួយ​ចិត្ត​សោក​សង្រេង ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

15 ផ្ទុយ​ទៅ​វិញ ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ដទៃ​ដែល​ខ្ញុំ​ពុំ​ស្គាល់ បាន​វាយ​ខ្ញុំ និង​ហែក‌ហួរ​ខ្ញុំ ឥត​ឈប់​ឡើយ។

16 ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ។

17 អុលឡោះ‌តាអាឡា​អើយ! តើ​ទ្រង់​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេ សូម​ការពារ​ជីវិត​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។

18 ខ្ញុំ​នឹង​អរ​គុណ​ទ្រង់​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

19 សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ខ្ញុំ បាន​អរ​សប្បាយ ព្រោះ​តែ​ខ្ញុំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ខ្ញុំ​ឡើយ។

20 ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សំរួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

21 ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ខ្ញុំ គេ​ស្រែក​ចំអក​ឲ្យ​ខ្ញុំ​ថា «ហា៎ ហ៎ា! យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។

22 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​មើល​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ!

23 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​ក្រោក​ឡើង រក​យុត្តិធម៌​ឲ្យ​ខ្ញុំ សូម​កាន់​ក្តី​ខាង​ខ្ញុំ​ផង!។

24 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​សុចរិត សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង កុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយ ព្រោះ​ខ្ញុំ​ចាញ់​នោះ​ឡើយ។

25 សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា «យើង​មាន​ប្រៀប​លើ​វា​ហើយ!» សូម​កុំ​ឲ្យ​គេ​ពោល​ថា «យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។

26 សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ខ្ញុំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។

27 រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា! ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​បាន​ជោគ​ជ័យ!»។

28 ពេល​នោះ ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា‌និច្ច ហើយ​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម