ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 31 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 31

អុលឡោះ​អើយ សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ខ្ញុំ
គីតាបសាបូរ​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ជ្រក​កោន​ជា​មួយ​ទ្រង់ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​អុលឡោះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ខ្ញុំ!។

2 សូម​ស្តាប់​ខ្ញុំ សូម​មក​រំដោះ​ខ្ញុំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ផង!។

3 ដ្បិត​ទ្រង់​ជា​សិលា និង ជា​កំពែង​ការពារ​ខ្ញុំ សូម​ដឹក​ដៃ​នាំ​ផ្លូវ​ខ្ញុំ ដោយ​យល់​ដល់​នាម​ទ្រង់។

4 សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ ដ្បិត​ទ្រង់​ការពារ​ខ្ញុំ។

5 ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ ទៅ​ក្នុង​ដៃ​ទ្រង់​ ។ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់​អើយ! ទ្រង់​បាន​ជួយ​ដោះ​លែង​ខ្ញុំ។

6 ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា​ហើយ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។

7 ខ្ញុំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ទ្រង់​មាន​ចិត្ត​សប្បុរស ចំពោះ​ខ្ញុំ ទ្រង់​មើល​ឃើញ​ទុក្ខ​វេទនា​របស់​ខ្ញុំ ទ្រង់​ជ្រាប​ថា​ខ្ញុំ​មាន​កង្វល់។

8 ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។

9 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​កំពុង​តែ​មាន​អាសន្ន! ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ខ្ញុំ​កាន់​តែ​សោក​សង្រេង។

10 ជីវិត​ខ្ញុំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ខ្ញុំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ខ្ញុំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ខ្ញុំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ខ្ញុំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។

11 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ក៏​មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ដែរ បើ​គេ​ឃើញ​ខ្ញុំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។

12 គ្មាន​នរណា​នឹក​នា​ពី​ខ្ញុំ​ទៀត​ទេ ខ្ញុំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។

13 ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត ខ្ញុំ​ផង។

14 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់! ខ្ញុំ​ពោល​ថា​ទ្រង់​ពិត​ជា​ម្ចាស់ របស់​ខ្ញុំ។

15 អាយុ​ជីវិត​របស់​ខ្ញុំ ស្ថិត​នៅ​ក្នុង​ដៃ​របស់​ទ្រង់ សូម​រំដោះ​ខ្ញុំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ!

16 សូម​បែរ​មើល​មក​អ្នក​បម្រើ​របស់​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ ដោយ​ចិត្ត ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់!

17 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ គឺ​ឲ្យ​ពួក​គេ​បិទ​មាត់ ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច។

18 សូម​ឲ្យ​មនុស្ស​ដែល​តែងតែ និយាយ​កុហក ក្លាយ​ទៅ​ជា គ គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន ប្រឆាំង​នឹង​មនុស្ស​សុចរិត ដោយ​អួត‌បំប៉ាង និង​ប្រមាថ​មាក់‌ងាយ!។

19 ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​សប្បុរស​របស់​ទ្រង់ ល្អ​វិសេស‌វិសាល​ណាស់! ទ្រង់​បម្រុង​ទុក សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ទ្រង់​ប្រោស‌ប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ទ្រង់។

20 ទ្រង់​លាក់​គេ​នៅ​ក្បែរ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ជំរំ​សក្ការៈ​របស់​ទ្រង់ ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។

21 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា! ដ្បិត​ពេល​មាន​សត្រូវ​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ​ត្រង់ យ៉ាង​អស្ចារ្យ​ចំពោះ​ខ្ញុំ។

22 ពេល​ខ្ញុំ​ខ្វល់​ខ្វាយ ខ្ញុំ​ស្មាន​ថា ទ្រង់​បាន​បណ្តេញ​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ទ្រង់​ហើយ ប៉ុន្តែ ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។

23 អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្រឡាញ់​ទ្រង់! អុលឡោះ‌តាអាឡា​ថែ‌រក្សា​អ្នក​ជឿ តែ​ទ្រង់​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង ដល់​មនុស្ស​ព្រហើន។

24 អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​អើយ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។

© 2014 United Bible Societies, UK.

United Bible Societies