អ្នកជឿនៅក្នុងចំណោមមនុស្សពាលទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានអុលឡោះទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ 2 អុលឡោះតាអាឡាមើលពីសូរ៉កាមក ពិនិត្យមើលមនុស្សលោក ទ្រង់រកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។ 3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗគ្នាបានវង្វេងចេញឆ្ងាយ ពីអុលឡោះ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកអុលឡោះតាអាឡាទាល់តែសោះ។ 5 អ្នកទាំងនោះភ័យញ័រជាខ្លាំង ដោយអុលឡោះជួយគាំទ្រក្រុមមនុស្សសុចរិត។ 6 «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាជំរករបស់គេ។ 7 សូមឲ្យអ៊ីស្រអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលអុលឡោះតាអាឡានាំប្រជាជនរបស់ទ្រង់ ឲ្យងើបមុខឡើងវិញ ពូជរបស់យ៉ាកកូបនឹងត្រេកអរសប្បាយ ពូជរបស់អ៊ីស្រអែលនឹងមានអំណរ លើសលប់»។ |
© 2014 United Bible Societies, UK.
United Bible Societies