ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 132 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 132

ក្រុង​ស៊ីយ៉ូន​ជា​ដំណាក់​របស់​អុលឡោះជា​វាំង​របស់​ណាពី​ទត
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់​ស្តេច​ទត និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​គាត់​ផង។

2 គាត់​បាន​ស្បថ​ជា​មួយ​អុលឡោះ‌តាអាឡា គឺ​គាត់​បាន​សន្យា​ជា​មួយ​អុលឡោះ​ដ៏​មាន​ចេស្ដា ជា​ម្ចាស់​របស់​យ៉ាកកូប​ ​ថា:

3 «ខ្ញុំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ជំរំ​ខ្ញុំ ខ្ញុំ​នឹង​មិន​ឡើង​ទៅ​ដេក នៅ​លើ​គ្រែ​ខ្ញុំ​ទេ។

4 ខ្ញុំ​មិន​ព្រម​បិទ​ភ្នែក ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់‌លក់​ឡើយ

5 ដរាប​ណា​ខ្ញុំ​ពុំ​ទាន់​រក​បាន កន្លែង​ជូន​អុលឡោះ‌តាអាឡា ដរាប​ណា​ខ្ញុំ​ពុំ​ទាន់​រក​បាន ដំណាក់​ជូន​អុលឡោះ​ដ៏​មាន​ចេស្ដា ជា​ម្ចាស់​របស់​យ៉ាកកូប​ទេ​នោះ!»។

6 យើង​បាន​ឮ​គេ​និយាយ​ថា ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេ‌ប្រាតា យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ា‌អើរ។​

7 ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ដំណាក់​របស់​អុលឡោះ‌តាអាឡា ចូរ​យើង​ក្រាប​នៅ​ចំពោះ​ទ្រង់!

8 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក របស់​ទ្រង់​រហូត​ត​ទៅ។

9 សូម​ឲ្យ​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

10 ដោយ​យល់​ដល់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ទ្រង់ បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ!​

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។

12 ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​

13 អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ក្រុង​នេះ។

14 ទ្រង់​មាន​បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!

15 យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ តាម​តែ​គេ​ត្រូវ​ការ យើង​នឹង​ឲ្យ​ជន​ក្រីក្រ ក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។

16 យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​អ៊ីមុាំ​របស់​គេ យើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។

17 នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​អំណាច​កើត​ពី​ ពូជ‌ពង្ស​របស់​ទត យើង​នឹង​រៀប‌ចំ​ឲ្យ​មាន​ស្ដេច មួយ​នាក់​ស្នង​រាជ្យ​ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង។

18 យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។

© 2014 United Bible Societies, UK.

United Bible Societies