អុលឡោះបានរំដោះខ្ញុំឲ្យរួចពីស្លាប់1 ខ្ញុំស្រឡាញ់អុលឡោះតាអាឡា ដ្បិតទ្រង់ស្តាប់សំឡេង ដែលខ្ញុំទទូចអង្វរ 2 ទ្រង់ស្តាប់ខ្ញុំ អស់មួយជីវិត ខ្ញុំនឹងអង្វរទ្រង់។ 3 មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ 4 ពេលនោះ ខ្ញុំបានអង្វររកនាមអុលឡោះតាអាឡាថា៖ ឱអុលឡោះតាអាឡាអើយ សូមមេត្តាសង្គ្រោះជីវិតខ្ញុំផង! 5 អុលឡោះតាអាឡាតែងតែប្រណីសន្ដោស ទ្រង់សុចរិត អុលឡោះជាម្ចាស់របស់យើងប្រកបដោយចិត្ត អាណិតមេត្តា។ 6 អុលឡោះតាអាឡាជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បានសង្គ្រោះខ្ញុំ។ 7 ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។ 8 ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់ ទ្រង់ជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ 9 ខ្ញុំនឹងដើរចំពោះអុលឡោះតាអាឡា ក្នុងពិភពមនុស្សលោកនេះ។ 10 ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ 11 ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ ។ 12 តើខ្ញុំអាចយកអ្វីមកតបស្នង នឹងមេត្តាករុណាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានសំដែងមកលើរូបខ្ញុំ? 13 ខ្ញុំនឹងលើកពែងឡើងជូនអុលឡោះតាអាឡា ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកនាមរបស់អុលឡោះតាអាឡា។ 14 ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។ 15 អុលឡោះតាអាឡាព្រួយចិត្តណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ 16 ឱអុលឡោះតាអាឡាអើយ ខ្ញុំជាអ្នកបម្រើ របស់ទ្រង់ ដូចម្ដាយរបស់ខ្ញុំដែរ ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់។ 17 ខ្ញុំសូមធ្វើគូរបាន ដើម្បីអរគុណទ្រង់ ខ្ញុំនឹងអង្វររកនាមរបស់អុលឡោះតាអាឡា។ 18 ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់ 19 គឺនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies