អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះ!1 ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្តុង្គឧត្ដមបំផុត! នៅជុំវិញទ្រង់មានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច! 2 អុលឡោះយកពន្លឺមកគ្របដណ្ដប់ជុំវិញទ្រង់ ទ្រង់លាតផ្ទៃមេឃធ្វើជាជំរំសក្ការៈ។ 3 ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។ 4 ទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ទ្រង់ ហើយយកអណ្តាតភ្លើង ធ្វើជាអ្នកបម្រើរបស់ទ្រង់ ។ 5 ទ្រង់បានដាក់ផែនដីនៅលើគ្រឹះរបស់វា ហើយផែនដីក៏រឹងមាំ ឥតរង្គើសោះឡើយ។ 6 នៅគ្រាដើម ទ្រង់យកមហាសាគរ មកគ្របពីលើផែនដីទាំងមូល ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ 7 ក៏ប៉ុន្តែ នៅពេលឮទ្រង់គំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ទ្រង់លាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។ 8 ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលទ្រង់បានកំណត់ទុក។ 9 ទ្រង់បានកំរិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ 10 ទ្រង់បានដឹកនាំប្រភពទឹក ឲ្យហូរទៅក្នុងជ្រោះ គឺហូរតាមជ្រលងភ្នំនានា 11 សត្វទាំងប៉ុន្មាននាំគ្នាមកផឹកទឹកនេះ ហើយសត្វលាព្រៃក៏នាំគ្នាមកផឹក ដើម្បីបំបាត់សំរេកដែរ។ 12 បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ 13 ពីស្ថានដ៏ខ្ពស់ ទ្រង់បានស្រោចស្រព ភ្នំទាំងឡាយ ហើយទ្រង់ប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។ 14 ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ទ្រង់ក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ 15 មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។ 16 សូម្បីតែដើមឈើដែលអុលឡោះតាអាឡាបានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ 17 បក្សាបក្សីនាំគ្នាធ្វើសំបុក នៅលើដើមឈើទាំងនោះ ហើយសត្វកុកនាំគ្នាធ្វើទ្រនំ នៅលើដើមឈើទាល។ 18 រីឯភ្នំខ្ពស់ៗជាជំរករបស់ពពែភ្នំ ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។ 19 ទ្រង់បានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។ 20 ទ្រង់នាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា 21 សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីអុលឡោះ។ 22 ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ ទៅដេកក្នុងរូងរបស់វាវិញ។ 23 ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះ ដើម្បីបំពេញការងាររៀងៗខ្លួន គេធ្វើការរហូតដល់ល្ងាច។ 24 ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។ 25 មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ 26 នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលទ្រង់បង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។ 27 សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើទ្រង់ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ 28 ពេលទ្រង់ប្រទានចំណីអាហារ វាក៏នាំគ្នាទទួលយក ពេលទ្រង់ផ្គត់ផ្គង់ឲ្យ វាបានឆ្អែតស្កប់ស្កល់។ 29 ប៉ុន្តែ បើទ្រង់មិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើទ្រង់ដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។ 30 ពេលណាទ្រង់ប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។ 31 សូមសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅស្ថិតស្ថេររហូតតទៅ! សូមអុលឡោះតាអាឡារីករាយ នឹងស្នាដៃរបស់ទ្រង់! 32 ពេលទ្រង់មើលមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលទ្រង់ពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។ 33 អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត! គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ 34 សូមឲ្យទំនុករបស់ខ្ញុំ បានគាប់បំណងទ្រង់ សូមឲ្យខ្ញុំបានសប្បាយដោយសារអុលឡោះតាអាឡា។ 35 សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies