ខ្ញុំសូមសរសើរតម្កើងនាមដ៏វិសុទ្ធរបស់អុលឡោះអស់ពីដួងចិត្ត!ទំនុករបស់ណាពីទត។ 1 ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! ខ្ញុំសូមសរសើរតម្កើងនាមដ៏វិសុទ្ធ របស់ទ្រង់អស់ពីដួងចិត្ត! 2 ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា ដោយឥតភ្លេចពីកិច្ចការណាមួយដែលទ្រង់ បានធ្វើដោយចិត្តសប្បុរសនោះឡើយ! 3 ទ្រង់បានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ទ្រង់ប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង 4 ទ្រង់បានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ទ្រង់តែងសំដែងចិត្តមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ 5 ទ្រង់ប្រទានឲ្យខ្ញុំរស់នៅ ប្រកបដោយសុភមង្គល ហើយទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។ 6 អុលឡោះតាអាឡាប្រព្រឹត្តដោយសុចរិត ទ្រង់រកយុត្តិធម៌ឲ្យ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ 7 ទ្រង់បង្ហាញឲ្យម៉ូសា ស្គាល់គម្រោងការរបស់ទ្រង់ ទ្រង់បង្ហាញឲ្យប្រជាជនអ៊ីស្រអែល ស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់។ 8 អុលឡោះតាអាឡាប្រកបដោយចិត្ត អាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្ត មេត្តាករុណា។ 9 ទ្រង់មិនបន្ទោសជានិច្ចជាកាលទេ ហើយទ្រង់ក៏មិនខឹងរហូតដែរ។ 10 ទ្រង់មិនដាក់ទោសយើង ឲ្យសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយទ្រង់ក៏មិនឲ្យយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។ 11 ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ក៏ខ្ពស់យ៉ាងនោះដែរ។ 12 ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ 13 ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា អុលឡោះតាអាឡាក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចទ្រង់យ៉ាងនោះដែរ 14 ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ 15 ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល 16 ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ 17 តែចិត្តមេត្តាករុណារបស់អុលឡោះតាអាឡា ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ក៏នឹងសំដែងចិត្តស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ 18 ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។ 19 អុលឡោះតាអាឡាបានតាំងបល្ល័ង្ករបស់ទ្រង់ នៅសូរ៉កា ទ្រង់គ្រងរាជ្យលើអ្វីៗទាំងអស់។ 20 ម៉ាឡាអ៊ីកាត់ដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែអនុវត្តតាម បន្ទូលរបស់ទ្រង់ ហើយស្ដាប់តាមបញ្ជារបស់ទ្រង់ជានិច្ច។ 21 អស់អ្នកដែលជាកងពលរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែបម្រើទ្រង់ ស្របតាមចិត្តរបស់ទ្រង់ជានិច្ច! 22 ឱស្នាដៃទាំងឡាយរបស់អុលឡោះតាអាឡាអើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ ចូរនាំគ្នាសរសើរតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! |
© 2014 United Bible Societies, UK.
United Bible Societies