កុលសម្ព័ន្ធកាដ និងរូបេន ទទួលស្រុកកាឡាដជាមត៌ក1 កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ 2 កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបម៉ូសាអ៊ីមុាំអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖ 3 «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូរ និងបេអូន 4 នៅក្នុងស្រុកដែលអុលឡោះតាអាឡាវាយយកបាននៅចំពោះមុខសហគមន៍អ៊ីស្រអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។ 5 ពួកគេពោលទៀតថា៖ «ប្រសិនបើអ្នកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។ 6 ម៉ូសាឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ? 7 ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដី ដែលអុលឡោះតាអាឡាប្រទានមកពួកគេ? 8 ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលដែលខ្ញុំចាត់ពួកគេ ពីកាដេស–បារនា ឲ្យទៅពិនិត្យមើលស្រុកដែរ។ 9 ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលអុលឡោះតាអាឡាប្រទានមកពួកគេ។ 10 នៅថ្ងៃនោះ អុលឡោះតាអាឡាខឹង ហើយមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: 11 “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។ 12 មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់អុលឡោះតាអាឡា ដោយចិត្តស្មោះត្រង់”។ 13 អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែល ហើយទ្រង់បានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងបំណងអុលឡោះតាអាឡា ត្រូវបាត់បង់ជីវិតអស់។ 14 ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យអុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលកាន់តែខ្លាំងឬ? 15 ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីទ្រង់ នោះទ្រង់នឹងបណ្តោយឲ្យជនជាតិអ៊ីស្រអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្តាលឲ្យប្រជាជននេះត្រូវវិនាសទាំងអស់!»។ 16 កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតម៉ូសា ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។ 17 បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធដើរនៅមុខអ៊ីស្រអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំ នឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។ 18 រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលដែលជនជាតិអ៊ីស្រអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។ 19 បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដី នៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។ 20 ម៉ូសាមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះអុលឡោះតាអាឡា 21 ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់នៅចំពោះអុលឡោះតាអាឡា រហូតទាល់តែទ្រង់បណ្តេញខ្មាំងសត្រូវ ចេញពីទឹកដីនោះ 22 ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលដែលយើងយកស្រុកមកជូនអុលឡោះតាអាឡាបាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះអុលឡោះតាអាឡា និងចំពោះជនជាតិអ៊ីស្រអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា។ 23 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។ 24 ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។ 25 កូនចៅកាដ និងកូនចៅរូបេនជម្រាបម៉ូសាថា៖ «យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ 26 យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ 27 ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះអុលឡោះតាអាឡា តាមប្រសាសន៍របស់លោកម្ចាស់»។ 28 ម៉ូសាបានចេញបញ្ជាទៅអ៊ីមុាំអេឡាសារ យ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែល ស្តីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។ 29 គាត់មានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះអុលឡោះតាអាឡា ពេលណាអ្នករាល់គ្នាដណ្តើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។ 30 ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។ 31 កូនចៅកាដ និងកូនចៅរូបេនឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកយើងខ្ញុំ។ 32 យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះអុលឡោះតាអាឡា តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។ 33 ម៉ូសាក៏ប្រគល់នគររបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នគររបស់ស្តេចអុក ជាស្តេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ដែលជាពូជពង្សរបស់យូសុះ។ 34 កូនចៅកាដបានសង់ក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ 35 អាត្រូត–សូផាន យ៉ាស៊ើរ យ៉ុកបិហា 36 បេតនីមរ៉ា និងបេត–ហារ៉ន ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងវាលស្មៅសម្រាប់ឲ្យហ្វូងសត្វរកស៊ី។ 37 កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម 38 នេបូរ និងបាល–មេយ៉ូនដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។ 39 ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្តើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។ 40 ម៉ូសាបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។ 41 ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត–យ៉ាអៀរ។ 42 លោកណូបាសបានវាយលុកក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។ |
© 2014 United Bible Societies, UK.
United Bible Societies