Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 31 - អាល់គីតាប


ជ័យ​ជំនះលើ​ជន‌ជាតិ​ម៉ាឌាន

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង​សឹក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។ បន្ទាប់​មក អ្នក​នឹង​ស្លាប់​ទៅ​ជួប​ជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។

3 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង​សឹក​នឹង​ពួក​គេ​ក្នុង​នាមអុលឡោះ‌តាអាឡា។

4 ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

5 ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នី​មួយៗ ក្នុង​កង​ពល​អ៊ីស្រ‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។

6 ម៉ូសា​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​អ៊ីមុាំ​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ​ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។

7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8 ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្តេច​ម៉ាឌាន ទាំង​ប្រាំ គឺ​ស្តេច​អេវី ស្តេច​រេគេម ស្តេច​ស៊ើរ ស្តេច​ហើរ និង​ស្តេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។

9 កង‌ទ័ព​អ៊ីស្រ‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។

10 កង‌ទ័ព​អ៊ីស្រ‌អែល​ដុត​កំទេច​ទី​ក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។

11 បន្ទាប់​មក ពួក​គេ​ប្រមូល​ជ័យ​ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស​ទាំង​សត្វ

12 ហើយ​នាំ​ឈ្លើយ​សឹក និង​ជ័យ​ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​ម៉ូសា អ៊ីមុាំ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

13 ម៉ូសា អ៊ីមុាំ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។

14 ម៉ូសា​ខឹង​នឹង​ពួក​មេទ័ព ពួក​មេ​បញ្ជា​ការ​កង​ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង​ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

15 គាត់​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ឲ្យ​ស្ត្រី​ទាំង​នេះ?

16 គឺ​ស្ត្រី​ទាំង​នេះ​ហើយ ដែល​បាន​ធ្វើ​តាម​ពាក្យ​បាឡាម និង​ទាក់​ទាញ​អ៊ីស្រ‌អែល​ឲ្យ​ក្បត់​ចិត្តអុលឡោះ‌តាអាឡា នៅ​ពេអ៊រ បណ្តាល​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់អុលឡោះ‌តាអាឡា។

17 ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ

18 ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

19 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ​ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃទី​ប្រាំ‌ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។

20 ត្រូវ​ធ្វើ​ពិធី​ជម្រះ​សម្លៀក​បំពាក់​ទាំង​អស់ វត្ថុ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ស្បែក និង​ពី​រោម​ចៀម ព្រម​ទាំង​គ្រឿង​បរិក្ខារ​ធ្វើ​ពី​ឈើ»។

21 អ៊ីមុាំ​អេឡាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សឹក​ថា៖ «ក្នុង​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា មាន​ចែង​ដូច​ត​ទៅ:

22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ

23 គឺវត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង​ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។

24 ត្រូវ​លាង​ជម្រះ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន»។

25 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

26 «ចូរ​អ្នក និង​អ៊ីមុាំ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជ័យ​ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។

27 បន្ទាប់​មក ចូរ​បែង​ចែក​ជ័យ​ភ័ណ្ឌ​នេះ​ឲ្យ​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូល។

28 ចូរ​ញែក​ជ័យ​ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ជូនអុលឡោះ‌តាអាឡា ពោល​គឺ ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។

29 ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជ័យ​ភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​អ៊ីមុាំ​អេឡាសារ ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។

30 រីឯ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រ‌អែល ត្រូវ​យក​មួយ​ភាគ​ហាសិប ពី​ចំនួន​មនុស្ស មួយ​ភាគ​ហាសិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារកិច្ច​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា»។

31 ម៉ូសា និង​អ៊ីមុាំ​អេឡាសារ បាន​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

32 ជ័យ​ភ័ណ្ឌ​ដែល​កង‌ទ័ព​រឹប​អូស​យក​បាន​មាន​នៅ​សល់ ចៀម​ចំនួន ៦៧៥ ០០០ ក្បាល

33 គោ ៧២ ០០០ក្បាល

34 លា​ចំនួន ៦១០០០ ក្បាល

35 និង​ស្ត្រី​ព្រហ្មចារី ៣២ ០០០នាក់។

36 ចំនួន​ពាក់​កណ្តាល​នៃ​ជ័យ​ភ័ណ្ឌ​នេះ បាន​ទៅ​លើ​ពួក​ទាហាន​ដែល​ចេញ​ទៅ​ច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល

37 ក្នុង​ចំនួន​នេះ ៦៧៥ ក្បាល ជូនអុលឡោះ‌តាអាឡា

38 គោ ៣៦០០០ ក្បាល ក្នុង​ចំនួន​នេះ ៧២ ក្បាល ជូនអុលឡោះ‌តាអាឡា

39 លា ៣០ ៥០០ ក្បាល ក្នុង​ចំនួន​នេះ ៦១ ក្បាល ជូនអុលឡោះ‌តាអាឡា

40 និង​មនុស្ស ១៦០០០ នាក់ ក្នុង​ចំនួន​នេះ ៣២​នាក់​ជូនអុលឡោះ‌តាអាឡា។

41 ម៉ូសា​ប្រគល់​ជ័យ​ភ័ណ្ឌ​ដែល​ញែក​ជា​ជំនូន​របស់អុលឡោះ‌តាអាឡា ទៅ​អ៊ីមុាំ​អេឡាសារ ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​គាត់។

42 រី​ឯ​ជ័យ​ភ័ណ្ឌ​ចំនួន​ពាក់​កណ្តាល​ទៀត ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រ‌អែល ម៉ូសា​ញែក​ទុក​ដោយ​ឡែក ពី​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។

43 ជ័យ​ភ័ណ្ឌ​នេះ ត្រូវ​បាន​ជា​ចំណែក​របស់​សហគមន៍ គឺ​ចៀម ៣៣៧ ៥០០ ក្បាល

44 គោ ៣៦ ០០០ ក្បាល

45 លា ៣០ ៥០០ ក្បាល

46 និង​មនុស្ស ១៦ ០០០ នាក់។

47 ក្នុង​ចំនួន​ពាក់​កណ្តាល​នៃ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​នេះ ម៉ូសា​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល​ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ​កិច្ច​បម្រើ​ការ​ងារ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បង្គាប់​មក​គាត់។

48 ពួក​មេ‌ទ័ព មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច​នាំ​គ្នា​ចូល​មក​ជិត​ម៉ូសា

49 ជម្រាប​គាត់​ថា៖ «យើង​ខ្ញុំ​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។

50 យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែក មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​គូរបាន​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​អុលឡោះ»។

51 ម៉ូសា និង​អ៊ីមុាំ​អេឡាសារ ក៏​ទទួល​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទាំង​នោះពី​ពួក​គេ។

52 មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច យក​មក​ជូនអុលឡោះ‌តាអាឡា​មាន​ទម្ងន់​ទាំង​អស់​ប្រាំ​ពាន់​ចិត‌សិប​ប្រាំ​តម្លឹង។

53 រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​រឹប​អូស​យក​ជ័យ​ភ័ណ្ឌ ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

54 ម៉ូសា និង​អ៊ីមុាំ​អេឡាសារ​បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទុក​ជា​ទី​រំលឹក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះ​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម