ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 8 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 8

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អប់រំ​អ៊ីស្រ‌អែល​នៅ​វាល​រហោ‌ស្ថាន

1 «ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។

2 ចូរ​នឹក​ចាំ​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ អុលឡោះ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្តេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ឬ​យ៉ាង​ណា។

3 អុលឡោះ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ទ្រង់​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ អុលឡោះ​ប្រៀន​ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ​សារ​បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពីអុលឡោះ‌តាអាឡា។

4 ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក​បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។

5 ចូរ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។

6 ចូរ​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ និង​គោរព​កោត​ខ្លាច​ទ្រង់»។

ការ​ល្បួង​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​សន្យា

7 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្តូង និង​ប្រភព​ទឹក​ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។

8 ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង​បាយ​ជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។

9 នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។

10 ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​គុណអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក។

11 ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

12 ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ ធ្វើ​ជា​លំនៅ​ដ្ឋាន

13 ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន

14 ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត​អាង ហើយ​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។

15 អុលឡោះ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ​ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យាដំរី ជា​វាល​ហួត​ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។

16 អុលឡោះ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូន​តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។

17 មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ដោយ​សារ​កម្លាំង និង​ស្នា​ដៃ​របស់​អ្នក​ផ្ទាល់។

18 ចូរ​នឹក​ចាំ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ​មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដូច​ទ្រង់​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។

19 ប្រសិន​បើ​អ្នក​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ​ខាន។

20 ពិត​មែន​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្តាប់​តាម​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជា‌ជាតិ​នា​នា ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies