Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 9 - អាល់គីតាប


អ៊ីស្រ‌អែល​ចូល​កាន់​កាប់​ទឹក​ដី​បាន ព្រោះ​តែ​អំពើ​បាប​របស់​ប្រជា‌ជាតិ​នា​នា

1 «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! ថ្ងៃ​នេះ​អ្នក​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។

2 ពួក​គេ​ជា​ប្រជា‌ជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​បាន​ឡើយ”។

3 ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​មុខ​អ្នក ទ្រង់​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ

4 ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថាអុលឡោះ‌តាអាឡា​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ អុលឡោះ‌តាអាឡា​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។

5 អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ទ្រង់​ក៏​ធ្វើ​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​អ្នក។

6 ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង​រូស»។


កូន​គោ​មាសៈ អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប

7 «ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ខឹង គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ជា​និច្ច។

8 នៅ​ភ្នំ​ហោរែបអ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។

9 នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។

10 អុលឡោះ‌តាអាឡា​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ទ្រង់​ផ្ទាល់ មាន​ចែង​អំពី​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ពី​ក្នុង​ភ្លើង មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួប​ជុំ​គ្នា។

11 សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួបអុលឡោះ‌តាអាឡា ទ្រង់​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។

12 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​តទៅ: “យើង​បាន​ឃើញ​ថា ប្រជា‌ជន​នេះ សុទ្ឋ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹង​រូស។

14 ចូរ​ទុក​ឲ្យ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជា‌ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ”។

15 ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ​មាន​ភ្លើង​ពាស​ពេញ​លើ​ភ្នំ។

16 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែលអុលឡោះ‌តាអាឡា​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។

17 ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​ឲ្យ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។


រូប​កូន​គោ​មាស ណាពី​ម៉ូសា​ទូអារ​អង្វរ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់

18 «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះអុលឡោះ‌តាអាឡា។ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្តាល​ឲ្យ​អុលឡោះ​ខឹង។

19 ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀតអុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូអារ​អង្វរ​របស់​ខ្ញុំ។

20 អុលឡោះ‌តាអាឡា​ខឹង​នឹង​ហារូន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ​ខ្ញុំ​ក៏​ទូរអា​អង្វរ​ទ្រង់​ឲ្យ​ហារូន​ដែរ។

21 ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នា​ដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កំទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ត​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

22 នៅ​តាបេ‌រ៉ាឃ នៅ​ម៉ាសា និង​នៅ​គីប្រូត–ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ដែរ។

23 អុលឡោះ‌តាអាឡា​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស–បារណា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​អុលឡោះហើយ​ពុំ​ស្តាប់​តាម​សំឡេង​របស់​អុលឡោះ​ទេ។

24 តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ជា​និច្ច។

25 ខ្ញុំ​ក្រាប​នៅ​ចំពោះអុលឡោះ‌តាអាឡា អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា ទ្រង់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។

26 ខ្ញុំ​បាន​អង្វរអុលឡោះ‌តាអាឡា​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​កុំ​បំផ្លាញ​ប្រជា‌ជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​រំដោះ​ពួក​គេ ដោយ​ចេស្តា​ដ៏​រុង‌រឿង​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។

27 សូម​នឹក​ដល់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​អុលឡោះ។ សូម​កុំ​ដាក់​ទោស​ប្រជា‌ជន​នេះ ព្រោះ​តែ​ចិត្ត​រឹង​រូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ

28 ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា អុលឡោះ‌តាអាឡា​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ទ្រង់​ស្អប់​ពួក​គេ បាន​ជា​ទ្រង់​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។

29 អ្នក​ទាំង​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ​ផ្ទាល់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ប្ញទ្ធានុ‌ភាព​ដ៏​ខ្ពង់‌ខ្ពស់ និង​ដោយ​អំណាច​របស់​ទ្រង់»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម