ពីភ្នំស៊ីយ៉ូន ព្រះជាម្ចាស់ពន្លត់ភ្លើងសង្គ្រាមទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 នៅស្រុកយូដា គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា នៅស្រុកអ៊ីស្រាអែល ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់! 2 ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ 3 នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក 4 ឱព្រះជាម្ចាស់អើយ ព្រះអង្គប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជម្នះ ។ 5 ព្រះអង្គបានដកអាវុធពីអ្នក ចម្បាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។ 6 ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។ 7 ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន? 8 ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច 9 គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក 10 ព្រះអង្គធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ 11 ចូរថ្វាយទៅព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ អស់អ្នកដែលនៅជុំវិញព្រះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកតង្វាយមកថ្វាយព្រះអង្គ! 12 ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា ហើយធ្វើឲ្យព្រះមហាក្សត្រទាំងឡាយ នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies