ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញទំនុកតម្កើង របស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះរាជបុត្រ។ 1 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់! រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ! 2 មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក 3 ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ ព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។ 4 ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក 5 ខ្ញុំទម្រេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។ 6 ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនភ័យខ្លាចដែរ។ 7 ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។ 8 បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង! - សម្រាក |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies