ទំនុកតម្កើង 4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ ឲ្យទូលបង្គំអើយ ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខធុរៈ ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។ 2 មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក 3 ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណី មនុស្សស្មោះត្រង់ ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។ 4 បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក 5 ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។ 6 មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង! 7 ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ 8 ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសុខដុមរមនា។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies