សូមរក្សាមាត់ទូលបង្គំទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង! 2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច! 3 ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។ 4 សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ មានលម្អៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យទូលបង្គំចូលរួមជប់លៀង ជាមួយពួកគេឡើយ។ 5 បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ 6 សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។ 7 ដីប្រេះចេញពីគ្នាយ៉ាងណា សូមឲ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ។ 8 ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។ 9 សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ របស់មនុស្សទុច្ចរិតឡើយ 10 តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies