ទំនុកតម្កើង 140 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យផុត ពីមនុស្សឃោរឃៅ។ 2 អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជម្លោះជារៀងរាល់ថ្ងៃ! 3 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក 4 ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ! 5 មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក 6 ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ! 7 ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ 8 ឱព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក 9 សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ មានជ័យជម្នះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ បានធ្លាក់ទៅលើពួកគេវិញ! 10 សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។ 11 សូមកុំឲ្យអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។ 12 ខ្ញុំដឹងថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យមនុស្ស កម្សត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។ 13 ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies