ទំនុកតម្កើង 142 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥មានតែព្រះអង្គទេដែលជាទីជម្រករបស់ទូលបង្គំ កំណាព្យរបស់ស្ដេចដាវីឌ។ រំឭកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។ 1 ខ្ញុំបន្លឺសំឡេង ស្រែកអង្វរព្រះអម្ចាស់ ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះអម្ចាស់។ 2 ខ្ញុំទូលព្រះអង្គឲ្យជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។ 3 ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។ 4 សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។ 5 ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។ 6 សូមយកព្រះហឫទ័យទុកដាក់ នឹងសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ សូមរំដោះទូលបង្គំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។ 7 សូមដោះលែងទូលបង្គំឲ្យមានសេរីភាព ដើម្បីឲ្យទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គ ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ព្រះអង្គ ព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies