1 រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាត់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក 2 ចំណែកសាឡូម៉ូន ទ្រង់ចាត់គេឲ្យទៅឯហ៊ីរ៉ាមទូលថា 3 ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចំបាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក 4 តែឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ទ្រង់បានប្រោសប្រទាន ឲ្យទូលបង្គំបានឈប់សំរាក នៅគ្រប់ទិសឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងឡើយ 5 ដូច្នេះ មើល ទូលបង្គំបានគិតសំរេចនឹងស្អាងព្រះវិហារ១ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីឌ ជាបិតាទូលបង្គំថា កូនឯងដែលអញនឹងតាំងឲ្យសោយរាជ្យជំនួសឯង នោះនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ 6 ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំ ឯពួកបាវទូលបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សំរាប់ពួកបាវទ្រង់ តាមតែទ្រង់មានបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍នៃទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ។ 7 កាលហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់សាឡូម៉ូន នោះទ្រង់មានសេចក្ដីអំណរជាខ្លាំង ក៏មានបន្ទូលថា នៅថ្ងៃនេះ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានប្រទានឲ្យដាវីឌមានបុត្រ១ ដែលមានប្រាជ្ញាឲ្យត្រួតលើសាសន៍ដ៏ធំម៉្លេះនេះ 8 ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅនឹងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក 9 ពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសំរេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ពួកនៅដំណាក់ទូលបង្គំផង 10 ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ នឹងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក 11 ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ នឹងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ 12 ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម នឹងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។ 13 ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់ 14 រួចទ្រង់ចាត់គេឲ្យទៅឯភ្នំល្បាណូន ដោយវេនក្នុង១ខែ ១ម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូន១ខែ ហើយនៅឯផ្ទះ២ខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្ស ដែលត្រូវកេណ្ឌមកធ្វើការនោះ 15 ទ្រង់ក៏មានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង ហើយ៨ម៉ឺននាក់ សំរាប់ដាប់ថ្មនៅឯភ្នំ 16 ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ 17 ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានដំឡៃ សំរាប់ដាក់ធ្វើជាឫសជញ្ជាំងនៃព្រះវិហារ 18 ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia