1 ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ា ពីលើស្ថានសួគ៌ ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់ 2 អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់ អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ 3 ព្រះអាទិត្យ នឹងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់ អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់ 4 ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ ចូរសរសើរដល់ទ្រង់ចុះ ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ ទៅទៀតនោះ 5 គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក 6 ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ 7 ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ នែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ នឹងទីជំរៅទាំងប៉ុន្មាន 8 អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់ 9 ព្រមទាំងភ្នំធំតូចទាំងអស់ ដើមឈើដែលមានផ្លែ នឹងដើមតាត្រៅទាំងប៉ុន្មាន 10 គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារ នឹងសត្វស្លាប 11 អស់ទាំងស្តេចនៅផែនដី នឹងបណ្តាជនទាំងឡាយ ពួកអ្នកធំៗ នឹងពួកចៅក្រមនៅផែនដី 12 ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ ទាំងចាស់ទាំងក្មេងអើយ 13 ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ ដ្បិតមានតែព្រះនាមទ្រង់១ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី នឹងផ្ទៃមេឃទៅទៀត 14 ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia