1 រីឯពួកមេជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជំរាបចំពោះមុខម៉ូសេ នឹងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា 2 ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា នឹងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់ 3 ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេនឹងត្រូវហូតចេញពីមរដករបស់ពួកឰយុកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញពីចំណែកមរដករបស់យើងខ្ញុំហើយ 4 រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញពីមរដករបស់ពួកឰយុកោនៃពូជអំបូរយើងខ្ញុំទៅ។ 5 នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ 6 នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណាដែលគេចូលចិត្តចុះ ប៉ុន្តែត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់ឰយុកោខ្លួន 7 យ៉ាងនោះមរដករបស់ពួកកូនចៅអ៊ីស្រាអែល នឹងមិនត្រូវរើចេញពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកឰយុកោគេរៀងខ្លួន 8 ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកឰយុកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកឰយុកោគេរៀងខ្លួន 9 ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។ 10 នោះពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ 11 ដ្បិតម័សឡា ធើសា ហុកឡា មីលកា នឹងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា 12 គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។ 13 នេះហើយជាសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia