ថ្ងៃរបស់ព្រះអម្ចាស់1 បងប្អូនអើយ ចំពោះពេលវេលា និងពេលកំណត់នោះ អ្នករាល់គ្នាមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ។ 2 ដ្បិតអ្នករាល់គ្នាផ្ទាល់ដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ 3 កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។ 4 យ៉ាងណាមិញ បងប្អូនអើយ អ្នករាល់គ្នាមិនស្ថិតនៅក្នុងសេចក្ដីងងឹត ដែលបណ្ដាលឲ្យថ្ងៃនោះបានចាប់អ្នករាល់គ្នា ដូចជាចោរចាប់អ្នករាល់គ្នានោះឡើយ 5 ពីព្រោះអ្នករាល់គ្នាសុទ្ធតែជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជារបស់យប់ ឬរបស់សេចក្ដីងងឹតទេ។ 6 ដោយហេតុនេះ កុំឲ្យយើងដេកលក់ដូចអ្នកដទៃឡើយ ផ្ទុយទៅវិញ ឲ្យយើងប្រុងស្មារតី ហើយមានគំនិតមធ្យ័តចុះ។ 7 ដ្បិតអ្នកដែលដេកលក់ ដេកលក់នៅពេលយប់ ហើយអ្នកដែលស្រវឹង ក៏ស្រវឹងនៅពេលយប់ដែរ។ 8 រីឯយើងវិញ ដោយយើងជារបស់ថ្ងៃ ចូរឲ្យយើងមានគំនិតមធ្យ័ត ទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាក្រោះការពារទ្រូង ហើយពាក់សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះជាមួកសឹក។ 9 ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់ព្រះពិរោធទេ គឺតម្រូវឲ្យទទួលបានសេចក្ដីសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 10 ព្រះគ្រីស្ទបានសុគតជំនួសយើង ដើម្បីឲ្យយើងរស់នៅជាមួយព្រះអង្គ ទោះបីជាយើងដឹងខ្លួនក្ដី ដេកលក់ក្ដី។ 11 ដូច្នេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្អាងទឹកចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងធ្វើ។ ពាក្យជំរុញទឹកចិត្ត និងពាក្យឲ្យពរ12 បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យទទួលស្គាល់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ហើយនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ព្រមទាំងទូន្មានអ្នករាល់គ្នា 13 ក៏សូមឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយសេចក្ដីស្រឡាញ់ ព្រោះតែការងាររបស់ពួកគេផង។ ចូរនៅសុខជាមួយគ្នាចុះ។ 14 បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។ 15 ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។ 16 ចូរអរសប្បាយជានិច្ច 17 ចូរអធិស្ឋានឥតឈប់ឈរ 18 ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះសម្រាប់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ 19 កុំពន្លត់ព្រះវិញ្ញាណ 20 កុំមើលងាយការថ្លែងព្រះបន្ទូល 21 ផ្ទុយទៅវិញ ចូរពិចារណាគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវការល្អ 22 ព្រមទាំងចៀសវាងពីការអាក្រក់គ្រប់ទ្រង់ទ្រាយផង។ 23 សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។ 24 ព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់ស្មោះត្រង់ ព្រះអង្គនឹងធ្វើឲ្យការនេះសម្រេចមិនខាន។ 25 បងប្អូនអើយ សូមអធិស្ឋានសម្រាប់យើងផង។ 26 សូមជួយសួរសុខទុក្ខបងប្អូនទាំងអស់ដោយការថើបដ៏វិសុទ្ធ។ 27 ខ្ញុំបញ្ជាអ្នករាល់គ្នាដោយនូវព្រះអម្ចាស់ថា ត្រូវអានសំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់។ 28 សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!៕៚ |