ចាត់ធីម៉ូថេ1 ដូច្នេះ ដោយមិនអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅអាថែនតែគ្នាយើង 2 ហើយចាត់ធីម៉ូថេដែលជាបងប្អូនរបស់យើង និងជាអ្នករួមការងារជាមួយព្រះក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឲ្យមក ដើម្បីពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នា ខាងឯជំនឿរបស់អ្នករាល់គ្នា 3 ដើម្បីកុំឲ្យអ្នកណាម្នាក់ត្រូវបានធ្វើឲ្យរង្គើដោយសារតែទុក្ខវេទនាទាំងនេះឡើយ។ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងហើយថា យើងត្រូវបានតម្រូវសម្រាប់ទុក្ខវេទនាទាំងនេះឯង។ 4 ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានប្រាប់អ្នករាល់គ្នាទុកមុនថាយើងរៀបនឹងរងទុក្ខ ហើយដូចដែលអ្នករាល់គ្នាដឹងស្រាប់ ការនោះបានកើតឡើងមែន។ 5 ដោយហេតុនេះ ខ្ញុំក៏មិនអាចទ្រាំតទៅទៀតបាន បានជាខ្ញុំចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងអំពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងបានល្បួងអ្នករាល់គ្នា ហើយការនឿយហត់របស់យើងទៅជាឥតប្រយោជន៍វិញ។ ធីម៉ូថេនាំមកនូវការកម្សាន្តចិត្ត6 ប៉ុន្តែឥឡូវនេះ ធីម៉ូថេបានចេញពីអ្នករាល់គ្នាមកដល់យើងវិញហើយ ព្រមទាំងនាំដំណឹងដ៏ល្អដល់យើង អំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៀតផង ហើយប្រាប់យើងថាអ្នករាល់គ្នាមានអនុស្សាវរីយ៍ល្អអំពីយើងជានិច្ច ទាំងចង់ជួបយើងយ៉ាងខ្លាំង ដូចដែលយើងចង់ជួបអ្នករាល់គ្នាដែរ។ 7 បងប្អូនអើយ ហេតុនេះហើយបានជា ក្នុងអស់ទាំងការលំបាក និងទុក្ខវេទនារបស់យើង យើងទទួលការកម្សាន្តចិត្តដោយសារតែអ្នករាល់គ្នា តាមរយៈជំនឿរបស់អ្នករាល់គ្នា 8 ដ្បិតឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាឈរមាំក្នុងព្រះអម្ចាស់ នោះយើងក៏មានជីវិតស្រស់ស្រាយឡើងវិញ។ 9 តើយើងអាចតបស្នងដោយការអរព្រះគុណបែបណាដល់ព្រះអំពីអ្នករាល់គ្នា សម្រាប់អស់ទាំងអំណរដែលយើងបានអរសប្បាយដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះនៃយើង? 10 យើងអធិស្ឋានអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ឲ្យបានជួបមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញភាពខ្វះខាតខាងជំនឿរបស់អ្នករាល់គ្នា។ អធិស្ឋានសម្រាប់ក្រុមជំនុំ11 សូមឲ្យព្រះដែលជាព្រះបិតារបស់យើង គឺព្រះអង្គផ្ទាល់ និងព្រះយេស៊ូវព្រះអម្ចាស់នៃយើង នាំផ្លូវយើងឲ្យមកជួបអ្នករាល់គ្នា។ 12 សូមឲ្យព្រះអម្ចាស់បង្កើន និងប្រទានយ៉ាងសម្បូរហូរហៀរដល់អ្នករាល់គ្នានូវសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងចំពោះមនុស្សទាំងអស់ ដូចដែលយើងមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាដែរ 13 ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕ |