ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ កូរិន‌ថូស 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ កូរិន‌ថូស 6

រឿងក្ដីក្នុងចំណោមអ្នកជឿ

1 ក្នុងចំណោម​អ្នករាល់គ្នា កាលណា​មាន​បញ្ហា​ជាមួយ​អ្នកឯទៀត តើ​មាន​អ្នកខ្លះ​ហ៊ាន​ប្ដឹង​នៅចំពោះ​មនុស្ស​ទុច្ចរិត គឺ​មិន​ប្ដឹង​នៅចំពោះ​វិសុទ្ធជន​ឬ​?

2 ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា​វិសុទ្ធជន​នឹង​ជំនុំជម្រះ​ពិភពលោក​ទេ​ឬ​? ដូច្នេះ ប្រសិនបើ​ពិភពលោក​នឹង​ត្រូវ​អ្នករាល់គ្នា​ជំនុំជម្រះ​ទៅហើយ តើ​អ្នករាល់គ្នា​គ្មានសមត្ថភាព​វិនិច្ឆ័យ​រឿង​តូចបំផុត​ទេឬ​?

3 តើ​អ្នករាល់គ្នា​មិន​ដឹង​ថា យើង​នឹង​ជំនុំជម្រះ​បណ្ដា​ទូតសួគ៌​ទេ​ឬ​? ដូច្នេះ រឿង​ក្នុង​ជីវិតនេះ​មិនចាំបាច់និយាយទេ​!

4 ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​ក្នុង​ជីវិតនេះ​មែន តើ​អ្នករាល់គ្នា​ឲ្យ​អ្នក​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ក្រុមជំនុំ​មកកាត់ក្ដី​ឬ​?

5 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។ ក្នុងចំណោម​អ្នករាល់គ្នា គ្មានអ្នកណា​ម្នាក់​ដែល​មានប្រាជ្ញា អាច​ដោះស្រាយ​រវាង​បងប្អូន​របស់​ខ្លួន​បាន​ទេ​ឬ​?

6 ផ្ទុយទៅវិញ បងប្អូន​ប្ដឹងផ្ដល់​នឹង​បងប្អូន ហើយ​ធ្វើ​ដូច្នេះ​នៅចំពោះ​អ្នក​មិនជឿ​ថែមទៀត​!

7 ដូច្នេះ ការដែល​អ្នករាល់គ្នា​ប្ដឹងផ្ដល់​គ្នា​នោះ ជា​ការបរាជ័យ​ទាំងស្រុង​សម្រាប់​អ្នករាល់គ្នា​រួចទៅហើយ​។ ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការអយុត្តិធម៌​នោះ​វិញ​? ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការកេងបន្លំ​វិញ​?

8 ផ្ទុយទៅវិញ អ្នករាល់គ្នា​ប្រព្រឹត្តអំពើអយុត្តិធម៌ និង​កេងបន្លំ គឺ​ប្រព្រឹត្ត​បែបនេះ​ចំពោះ​បងប្អូន​ទៀតផង​!

9 ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា មនុស្ស​ទុច្ចរិត​នឹង​មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ទេ​ឬ​? កុំ​ចាញ់បោក​ឡើយ​! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា

10 ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។

11 អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។

ថ្វាយសិរីរុងរឿងដល់ព្រះក្នុងរូបកាយ និងវិញ្ញាណ

12 “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វីមួយ​គ្រប់គ្រង​លើ​ខ្ញុំ​ឡើយ​។

13 “អាហារ​សម្រាប់​ក្រពះ ហើយ​ក្រពះ​សម្រាប់​អាហារ” ក៏ប៉ុន្តែ​ព្រះ​នឹង​បំផ្លាញ​ទាំងពីរ​។ រូបកាយ​មិនមែន​សម្រាប់​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ​។

14 ព្រះ​បាន​លើក​ព្រះអម្ចាស់​ឲ្យរស់ឡើងវិញ ហើយ​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ដែរ ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​។

15 តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? ដោយហេតុនេះ តើ​ខ្ញុំ​អាច​យក​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទៅ​ធ្វើជា​អវយវៈ​របស់​ស្ត្រីពេស្យា​បាន​ទេ​? មិនបានជាដាច់ខាត​!

16 ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា អ្នក​ដែល​រួម​ជាមួយ​ស្ត្រីពេស្យា នឹង​បានជា​រូបកាយ​មួយ​ជាមួយ​ស្ត្រីនោះ​? ដ្បិត​មាន​ចែងថា​:“អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ”។

17 រីឯ​អ្នក​ដែល​រួម​ជាមួយ​ព្រះអម្ចាស់ នឹង​បានជា​វិញ្ញាណ​មួយ​។

18 ចូរ​អ្នករាល់គ្នា​គេចឲ្យផុត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទៅ​! “អស់ទាំង​បាប​ដែល​មនុស្ស​ប្រព្រឹត្ត គឺ​នៅ​ខាងក្រៅ​រូបកាយ” ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​រូបកាយ​របស់ខ្លួន​។

19 តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណនេះ​ពី​ព្រះ​។ អ្នករាល់គ្នា​មិនមែន​ជា​របស់​ខ្លួនឯង​ទេ

20 ពីព្រោះ​អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ​។ ដូច្នេះ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​រូបកាយ​របស់អ្នករាល់គ្នា​ចុះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative